(អាមេរិក)៖ ទីភ្នាក់ងារអវកាស NASA របស់សហរដ្ឋអាមេរិក នឹងបង្កើនការដានតាមតំបន់ទឹកកករបស់ភពផែន តាមរយៈការបាញ់បង្ហោះផ្កាយរណបថ្មីចំនួនពីរ និងការសិក្សាស្រាវជ្រាវជាច្រើនផ្សេងទៀត នៅឆ្នាំ២០១៨នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១៨។
តំបន់ដាច់ស្រយ៉ាលភាគច្រើននៅលើផែនដី កំពុងឲ្យសញ្ញាពីការប្រែប្រួលគួរឲ្យបារម្ភ ដែលអាចជះផលប៉ះពាល់ធ្ងន់ធ្ងរ នៅទូទាំងពិភពលោកតែម្តង។ ជារួមអ្នកវិទ្យាសាស្រ្ត បានហៅតំបន់ទឹកកកទាំងនេះ នៃភពរបស់យើងថាជា «Cryosphere»។
ខណៈការប្រែប្រួលជារឿយៗ កើតមាននៅតាមតំបន់ឆ្ងាយៗដាច់ស្រយាល ការបន្តប្រព្រឹត្តទៅឥតឈប់ឈរ និងថមថយបែបនេះនៃ Cryosphere អាចមានឥទ្ធិពលទៅលើមនុស្ស នៅជុំវិញពិភពលោក តួយ៉ាងការកើនឡើងនៃកម្រិតកម្ពស់ទឹកសមុទ្រ ប៉ះពាល់ដល់ឆ្នេរនានា ទូទាំងសកលលោក ហើយនិងការបាត់បង់ផ្ទាំងទឹកកកធំៗ ដែលគ្របដណ្តប់មហាសមុទ្រអាក់ទិច ដើរតួយ៉ាងសំខាន់ នៅក្នុងលំនាំនៃអាកាសធាតុរបស់ផែនដី។
គួរជម្រាបថា ដើម្បីឆ្លើយតបនឹងបញ្ហាខាងលើ អង្គការ NASA បានគ្រោងនឹងបាញ់បង្ហោះផ្កាយរណបថ្មីចំនួនពីរ មានឈ្មោះថា GRACE-FO និង ICESat-2 ដើម្បីតាមឃ្លាំមើល និងវាយតម្លៃទៅលើការប្រែប្រួលនៃតំបន់ Cryosphere របស់ភពផែនដី។ ជាមួយគ្នានេះ យុទ្ធនាការស្រាវជ្រាវចំនួនពីរទៀត ក៏បានចាប់ផ្តើមប្រព្រឹត្តទៅផងដែរ នៅឯកោះទឹកកក Greenland របស់ប្រទេសដាណឺម៉ាក។
ការសិក្សាខាងលើនេះ នឹងផ្តល់ផលប្រយោជន៍ដល់ក្រុមអ្នកវិទ្យាសាស្ត្រ ធ្វើការវិភាគបន្ថែមពីមូលហេតុចម្បង ដែលបានបង្កឲ្យតំបន់ខាងលើនេះប្រែប្រួល រួចនឹងធ្វើការសិក្សារិះរកវិធីស្រោចស្រង់ ទៅថ្ងៃអនាគត។ តំបន់ជាច្រើននៅលើផែនដីមានការប្រែប្រួល គឺភាគច្រើនដោយសារតែកត្តាមនុស្សតែម្តង ជាពិសេសការបញ្ចេញឧស្ម័នពុលច្រើនឡើងៗ ទៅក្នុងបរិយាកាស ដែលធ្វើឲ្យភពផែនដីឡើងកម្តៅពីមួយឆ្នាំទៅមួយឆ្នាំ៕