ប្រធានក្រុមប្រឹក្សារដ្ឋចិន Yang Jiechi ត្រៀមទៅទស្សនកិច្ចកូរ៉េខាងត្បូង ក្រោយលោក គីម ជុងអ៊ុន ទើបបញ្ចប់ទស្សនកិច្ចនៅប៉េកាំង!
28-03-2018 14:49
(ប៉េកាំង)៖ ប្រធានក្រុមប្រឹក្សារដ្ឋចិន លោក យ៉ាង ជាឈី (Yang Jiechi) ត្រូវបានសារព័ត៌មាននានាចេញផ្សាយថា លោកនឹងបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី២៩ ដល់ ៣០ ខែមីនា ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bloomberg នារសៀលថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១៨។
គំរោងធ្វើទស្សនកិច្ចនេះ គឺហាក់ដូចជាត្រូវប្រកាសចេញភ្លាមៗ បន្ទាប់ពីប្រធានាធិបតីលោក ស៊ី ជិនពីង បានបញ្ចប់ការទទួលស្វាគមន៍ និងជំនួបពិភាក្សាលើកដំបូងបំផុត ជាមួយគណៈប្រតិភូកូរ៉េខាងជើង ដឹកនាំដោយលោក គីម ជុងអ៊ុន នៅក្នុងទីក្រុងប៉េកាំង ដែលបានបញ្ចប់កាលពីល្ងាចថ្ងៃអង្គារ ម្សិលមិញនេះ។ សម្រាប់ចេតនា នៃការបំពេញទស្សនកិច្ចយ៉ាងឆាប់រហ័សទៅកូរ៉េខាងត្បូង ពីសំណាក់មន្ត្រីជាន់ខ្ពស់ចិនខាងលើនេះ គឺមិនទាន់មានការបញ្ជាក់ឲ្យច្បាស់លាស់នោះឡើយ៕