(ណៃពិដោ)៖ នៅទីបំផុតសភានៃសហភាពមីយ៉ាន់ម៉ា នៅថ្ងៃពុធនេះ បានបោះឆ្នោតផ្ដល់ទំនុកចិត្តឱ្យលោក យូ វីន ម្យីនត៍ (U Win Myint) កាន់តំណែងជាប្រធានាធិបតីមីយ៉ាម៉ាថ្មី បន្ទាប់ពីលោក យូ ហាធីន ក្យរ (U Htin Kyaw) ប្រកាសលាលែងពីមុខតំណែង កាលពីសប្ដាហ៍មុន។ នេះបើតាមប្រភពពីសភាមីយ៉ាន់ម៉ា ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១៨។
ការបោះឆ្នោតប្រធានាធិបតីនេះ ត្រូវបានប្រព្រឹត្តទៅដោយមានការចូលរួមពីអនុប្រធានាធិបតីបីរូប ក្នុងនោះរួមមាន លោក យូ ម្យីនត៍ ស្វេ (U Myint Swe), លោក យូ ហេនរី វ៉ាន់ ធីអូ (U Henry Van Thio) និង លោក យូ វីន ម្យីនត៍ (U Win Myint)។ សម្រាប់ លោក U Win Myint ត្រូវបានសភាបោះឆ្នោតផ្ដល់ទំនុកចិត្តឱ្យកាន់តំណែង ជាអនុប្រធានាធិបតីកាលពីសប្ដាហ៍មុន។ លោក U Win Myint មកពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (LND) ក៏ជាអតីតប្រធានសភាជាន់ទាបមីយ៉ាន់ម៉ាផងដែរ ប៉ុន្តែលោក បានសុំលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី។
គួរបញ្ជាក់ថា បើតាមមន្ត្រីគណបក្ស LND លោក យូ ហាធីន ក្យរ (U Htin Kyaw) បានសម្រេចចិត្តលាលែងពីមុខតំណែង ក្រោមហេតុផលសុខភាព ហើយការលាលែងនេះទៀតសោត កើតមានឡើងនៅចំពេលរដ្ឋាភិបាលរបស់លោក កំពុងរងសម្ពាធ និងការរិះគន់យ៉ាងខ្លាំង ពាក់ព័ន្ធនឹងវិបត្តិជនជាតិរ៉ូហ៊ីងយ៉ា៕