(អាល្លឺម៉ង់)៖ គណបក្សប្រឆាំងអាល្លឺម៉ង់ AfD បានរិះគន់យ៉ាងខ្លាំង ចំពោះលោកស្រីអធិការបតី អាន់ជែឡា មឺគែល សម្រាប់ការសម្រេចចិត្តបណ្ដេញមន្ត្រីទូតរុស្ស៊ីចេញពីប្រទេស ដោយមិនបានបញ្ជាក់ភស្ដុតាងចោទថា រុស្ស៊ីជាអ្នកបំពុលសម្លាប់អតីតចារកិច្ចរុស្ស៊ី លោក ស៊ឺហ្គៃ ស្គ្រីផាល់ (Sergei Skripal) និងកូនស្រីរបស់លោកនៅក្នុងទីក្រុង សាលីសប៊ឺរី (Salisbury) ប្រទេសអង់គ្លេស កាលពីដើមខែមីនា។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១៨។
គណបក្សប្រឆាំងអាល្លឺម៉ង់មួយនេះ ក៏បានបញ្ជាក់ដែរថា អាល្លឺម៉ង់គួរតែបង្ហាញពីភស្ដុតាងជាក់លាក់ជាមុន មុននឹងចាត់វិធានការលើរុស្ស៊ីព្រោះថា ការធ្វើសកម្មភាពប្រឆាំងនឹងរុស្ស៊ី អាចធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍អាល្លឺម៉ង់។ «អាល្លឺម៉ង់នឹងមិនបានទទួលផលប្រយោជន៍អ្វីមកវិញឡើយ គឺមានតែខាតបង់ធ្ងន់ធ្ងរបើសិនជាទីក្រុងប៊ែរឡាំង ផុងខ្លួនធ្លាក់ចូលក្នុងសង្រ្គាមត្រជាក់សាជាថ្មី»។ នេះបើតាមសហមេដឹកនាំគណបក្ស AfD លោក អាឡិហ្សង់ដឺ ហ្កូឡេនដ៍ (Alexander Gauland)។
គួររំលឹកថា កាលពីខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងការបោះឆ្នោតសភាអាល្លឺម៉ង់ គណបក្ស AfD បានទទួលសំឡេងគាំទ្រដ៏គួរឱ្យភ្ញាក់ ផ្អើលដោយអាចចូលអង្គុយក្នុងសភា ក្នុងនាមជាគណបក្សធំទី ៣ និងបក្សប្រឆាំងធំជាងគេ ជាលើកដំបូងនៅសភាអាល្លឺម៉ង់៕