(ប៉េកាំង)៖ យន្តហោះដឹកអ្នកដំណើរ ជាផលិតផលចិនដំបូង C919 គ្រឿងទី ២ បានបញ្ចប់ការធ្វើតេស្ដហោះហើរសាកល្បង ជាលើកដំបូងរបស់ខ្លួនហើយក្នុង ឆ្នាំ២០១៨នេះ ខណៈកំពុងទទួលការចាប់អារម្មណ៍ខ្លាំង ពីអតិថិជនកាន់តែច្រើន ទាំងនៅក្នុងស្រុក និងអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១៨។
គិតមកទល់នឹងចុងខែកុម្ភៈកន្លងទៅ ក្រុមហ៊ុនរបស់ចិនបានទទួលការបញ្ជាទិញ ៨១៥គ្រឿង នៃប្រភេទយន្តហោះថ្មី C919 ពីអតិថិជនក្នុងស្រុក និងក្រៅប្រទេសចំនួន ២៨ក្រុមហ៊ុន។ ដោយឡែក យន្តហោះប្រភេទ ARJ21 ទទួលបានការបញ្ជាទិញ ៤៥៣គ្រឿង មកពីអតិថិនជនចំនួន ២១ ក្រុមហ៊ុន។
សាជីវកម្មយន្តហោះពាណិជ្ជកម្ម នៃប្រទេសចិន (COMAC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញដូរមួយ ជាមួយនិងក្រុមហ៊ុន Huarong Financial Leasing Co. , Ltd សម្រាប់ការលក់យន្តហោះ C919 ចំនួន ៣០គ្រឿង និងយន្តហោះ ARJ21 ចំនួន ២០គ្រឿង ដែលពិធីនេះត្រូវបានធ្វើឡើង នៅឯទីស្នាក់ការក្រុមហ៊ុនក្នុងរដ្ឋធានីប៉េកាំង។
សម្រាប់មួយគ្រឿងដំបូង ដែលសម្រេចការហោះសាកល្បងដែរនោះ គឺត្រូវបានក្រុមជំនាញធ្វើតេស្តសាកល្បង ដោយធ្វើការហោះ ហើរចេញពី អាកាសយានដ្ឋានអន្តរជាតិ Pudong នៃទីក្រុងសៀងហៃ និងបានទៅដល់មូលដ្ឋាននៃការធ្វើតេស្តស្ថិតនៅក្នុងតំបន់ Xi'an Yanliang ស្ថិតនៅក្នុងខេត្តហ្សានស៊ី ដែលជាការធ្វើតេស្តជោគជ័យ នៃការធ្វើដំណើរឆ្ងាយបំផុតរបស់ C919 ក្នុងរយៈចម្ងាយ ១,៣០០គីឡូម៉ែត្រ ក្នុងកម្ពស់ ៧,៨គីឡូម៉ែត្រ។
គួរបញ្ជាក់ថា C919 មានសមត្ថភាពផ្ទុកអ្នកដំណើរពី ១៥៦នាក់ ទៅ ១៦៨នាក់ ដែលចិនប្តេជ្ញាថា នឹងធ្វើការប្រកួតប្រជែងជាមួយយន្តហោះ Boeing 737 និង Airbus A320 ដែលកំពុងតែពេញនិយមបំផុតលើលោក នាពេលបច្ចុប្បន្ន។ មួយវិញទៀតក្រុមហ៊ុន COMAC បានអះអាងថា ខ្លួនទទួលបានការកក់យន្តហោះប្រភេទ C919 នេះចំនួន ៥៧០គ្រឿងហើយពីក្រុមហ៊ុនចំនួន ២៣ ហើយសម្រាប់តម្លៃនោះ គឺមួយគ្រឿងខ្ទង់ ៥០លានដុល្លារអាមេរិក ថោកជាងប្រភេទដូចគ្នារបស់ក្រុមហ៊ុន Boeing និង Airbus រហូតដល់ទៅ ៣០ភាគរយ។ សម្រាប់ក្រុមហ៊ុនដែលយក C919 មកបម្រើអតិថិជនដំបូងវិញនោះគឺ អាកាសចរណ៍ភាគខាងកើតចិន China Easter Airlines៕