(ប៉េកាំង)៖ នៅក្នុងអំឡុងនៃការអញ្ជើញ បំពេញទស្សនកិច្ចរយៈពេល ០២ថ្ងៃ នៅឯទីក្រុងប៉េកាំង ក្រោមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង បានជួបពិភាក្សាជាមួយ លោក ស៊ី អំពីទំនាក់ទំនងដ៏យូរអង្វែង នៃសម្ព័ន្ធមិត្តទាំងពីរនេះ ហើយលោក គីម ក៏បានបញ្ជាក់ជាថ្មីផងដែរ អំពីការប្តេជ្ញារបស់លោក ចំពោះការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១៨។
លោក គីម ជុង អ៊ុន បានធ្វើដំណើរចូលមកដល់ទឹកដីខេត្ត Dandong ប្រទេសចិនតាមរថភ្លើងមួយខ្សែ កាលពីថ្ងៃអាទិត្យ និងឈប់នៅទីក្រុងប៉េកាំងនាថ្ងៃចន្ទ ហើយថ្ងៃអង្គារក៏បានចាកចេញពីប៉េកាំងទៅវិញ និងនៅថ្ងៃពុធនេះ រថភ្លើងលោក គីម បានឆ្លងព្រំដែនចិន-កូរ៉េខាងជើង វិលចូលទៅកាន់ប្រទេសរបស់លោកវិញ ប៉ុន្តែព័ត៌មាននេះ មិនត្រូវបានបញ្ចេញឲ្យដឹងជាផ្លូវការនោះឡើយ គឺមើលទៅ វាត្រូវបានព្យាយាមលាក់បាំងយ៉ាងជិត ប៉ុន្តែដោយសារបណ្តាញព័ត៌មានកូរ៉េខាងត្បូងទម្លាយ ទើបព័ត៌មានធំៗអន្តរជាតិដទៃទៀត ដូចជា Reuters និង ក្យូដូ ផងដែរ បានតាមដានជាបន្តបន្ទាប់ ចាប់តាំងពីល្ងាចថ្ងៃចន្ទ ជាថ្ងៃទីពីរដែល លោក គីម ស្នាក់នៅប្រទេសចិន។
លោក គីម ជុងអ៊ុន រួមដំណើរជាមួយភរិយារបស់លោក គឺលោកស្រី រី សូលជូ (Ri Sol-ju) និងមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងមួយចំនួនទៀត ហើយវាគឺជាដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅឯក្រៅប្រទេសលើកដំបូងបំផុតរបស់ លោក គីម ដែលត្រូវបានសារព័ត៌មានចិន ស៊ីនហួរ ទម្លាយចេញនៅព្រឹកថ្ងៃពុធនេះ គិតចាប់តាំងតែពីរូបលោកបានឡើងកាន់អំណាចកាលពីចុងឆ្នាំ២០១១ បន្តពីឪពុករបស់លោក ដែលបានទទួលមរណភាព។
ជំនួបកំពូលស្ងាត់ៗខាងលើនេះ បានកើតមានឡើង ស្របពេលដែលលោក គីម ជុនអ៊ុន មានគម្រោងជំនួបជាមួយមេដឹកនាំកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅប៉ុន្មានខែក្រោយនេះ។ ដំណើរទស្សនកិច្ចរបស់ លោក គីម ត្រូវបានគេមើលឃើញថា មានគោលដៅដើម្បីផ្សះផ្សារទំនាក់ទំនងជាមួយចិន ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតលេខ ១ និងជាអ្នកផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ដ៏សំខាន់បំផុតរបស់ខ្លួន តែបានចូលរួមជាមួយអន្តរជាតិអនុវត្តន៍ទណ្ឌកម្ម ដែលបានដាក់ទៅលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់របបដឹកនាំទីក្រុងព្យុងយ៉ាង ដោយសារចិនរងសម្ពាធពីអន្តរជាតិខ្លាំងពេក។
សម្រាប់ទីក្រុងប៉េកាំងវិញ ជំនួបនេះក៏ហាក់ដូចជាបានផ្តល់ឱកាស ក្នុងការលើកកម្ពស់តួនាទីរបស់ខ្លួន ក្នុងនាមជាអ្នកសម្របសម្រួល ក្នុងការដោះស្រាយកម្មវិធី នុយក្លេអ៊ែរ-មីស៊ីល របស់កូរ៉េខាងជើងផងដែរ។ នៅឯទីក្រុងប៉េកាំង លោក គីម បានប្រាប់លោក ស៊ី ជិន ពីង ថា ស្ថានការណ៍នៅឧបទ្វីបកូរ៉េកំពុងតែចាប់ផ្តើម ឆ្ពោះទៅរកភាពប្រសើរឡើងហើយ ដោយសារតែខ្លួនបានងាកទៅដើរលើផ្លូវ ដើម្បីបន្ធូរបន្ថយភាពតានតឹង និងបានស្នើឲ្យមានកិច្ចចរចាសន្តិភាព។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ លោក គីម ជុងអ៊ុន បាននិយាយយ៉ាងដូច្នេះថា «វាគឺជាគោលជំហរឥតប្រែប្រួលរបស់យើង ដែលត្រូវប្តេជ្ញាសម្រេចឲ្យបាន នូវការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅឧបទ្វីប ដោយស្របទៅតាមគោលបំណងរបស់អតីតបិតាស្ថាបនិក លោក គីម អ៊ីលស៊ុង និងអតីតមេដឹកនាំកំពូលជំនាន់ទី ២ លោក គីម ជុងអ៊ីល»។
ជាមួយគ្នានេះ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង ក៏បានលាតត្រដាងជាផ្លូវការ អំពីឆន្ទៈរបស់លោក ក្នុងការបើកកិច្ចប្រជុំកំពូលជាមួយលោក មូន ជែអ៊ីន និង លោក ដូណាល់ ត្រាំ ផងដែរ ដោយលោក គីម បានលើកឡើងថា ការលុបបំបាត់កម្មវិធីនុយក្លេអ៊ែរ គឺអាស្រ័យតែទៅលើកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។
«បញ្ហានៃការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅតំបន់ឧបទ្វីបកូរ៉េអាចត្រូវដោះស្រាយបាន ប្រសិនបើកូរ៉េខាងត្បូង និងអាមេរិក ធ្វើការឆ្លើយតបចំពោះកិច្ចប្រឹងប្រែងរបស់យើង ប្រកបដោយសុឆន្ទៈ និងបង្កើតបរិយាកាសដែលមានសន្តិភាព និងស្ថិរភាព ហើយទន្ទឹមគ្នានោះចាត់វិធានការចាំបាច់នានា ដើម្បីសម្រេចឲ្យបាននូវសន្តិភាពទាំងស្រុង»។
គួរជម្រាបថា នៅអំឡុងជំនួបរវាងមេដឹកនាំ នៃប្រទេសទាំងពីរ លោក ស៊ី ជិនពីង បានរៀបចំពិធីទទួលស្វាគមន៍យ៉ាងកក់ក្តៅសម្រាប់លោក គីម និងភរិយា ហើយលោក បាននិយាយថា ទំនាក់ទំនងដ៏យូរអង្វែងជាច្រើនជំនាន់ រវាងទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាង គួរបន្តអភិវឌ្ឍន៍ទៅមុខជារៀងរហូត។ ម៉្យាងវិញទៀត បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏បានអញ្ជើញលោក ស៊ី ឲ្យទៅបំពេញទស្សនកិច្ចនៅព្យុងយ៉ាងផងដែរ នៅពេលវេលាណាដែលរូបលោកគិតថាសាកសម ហើយលោកប្រធានាធិបតីចិន ក៏បានទទួលយកការអញ្ជើញនេះ៕