(អង់ការ៉ា)៖ កិច្ចព្រមព្រៀងទិញប្រព័ន្ធខែលការពារមីស៊ីល S-400 ពីរុស្ស៊ី នឹងមិនធ្វើឱ្យប៉ះពាល់ដល់គំរោងទិញ យន្ដហោះចម្បាំង F-35 ពីសហរដ្ឋអាមេរិកឡើយ។ នេះបើតាមរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក ណួរ៉េតទីន ខានីគ្លី (Nurettin Canikli)
ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ ទីភ្នាក់ងារសារព័ត៌មានតួកគី Anadolu កាលពីថ្ងៃអង្គារ លោក Nurettin Canikli បានគូសបញ្ជាក់យ៉ាងដូច្នេះថា «តួកគីកំពុងចរចាទិញយន្ដហោះចម្បាំងអាមេរិក F-35 អស់រយៈពេលជាច្រើនឆ្នាំ ហើយការប្រគល់នឹងត្រូវចាប់ផ្ដើមធ្វើ ឡើងនៅប៉ុន្មានឆ្នាំខាងមុខនេះ។ ម្យ៉ាងវិញទៀត ការទិញយន្ដហោះចម្បាំងនេះពីសហរដ្ឋអាមេរិក មិនមានជាប់ពាក់ព័ន្ធអ្វីនឹងការទិញ ប្រព័ន្ធខែលការពារមីស៊ីល S-400 ពីរុស្ស៊ីនោះទេ»។
គួររំលឹកថា កាលពីខែឆ្នូ ឆ្នាំ២០១៧ តួកគីបានប្រកាសថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងទិញ S-400 ពីរុស្ស៊ីចំនួនពីរគ្រឿង រីឯការប្រគល់នឹងត្រូវធ្វើឡើងនៅឆ្នាំ២០២០។ ប៉ុន្តែទន្ទឹមគ្នា តួកគី ក៏បានបញ្ជាទិញយន្ដហោះចម្បាំង F-35 ពីសហរដ្ឋអាមេរិកចំនួន ០២គ្រឿងផងដែរ ខណៈទីក្រុងអង់ការ៉ាមានគំរោងដាក់ពង្រាយ យន្ដហោះចម្បាំងនេះ នៅឆ្នាំ២០១៩៕