(ស៊ីដនី)៖ អគ្គរដ្ឋរុស្ស៊ីប្រចាំប្រទេសអូស្ត្រាលី លោក ហ្គ្រីហ្កូរី ឡុកវីណូវ (Grigory Logvinov) បានព្រមានថា ពិភពលោកនឹងធ្លាក់ចូលក្នុងសម័យសង្រ្គាមត្រជាក់សាជាថ្មី បើសិនជាប្រទេសលោកខាងលិច នៅតែបន្តសកម្មភាពលំអៀងរបស់ខ្លួនប្រឆាំងនឹងទីក្រុងម៉ូស្គូ ដោយសាររឿងបំពុលសម្លាប់អតីតទីភ្នាក់ងារចារកិច្ចរុស្ស៊ីម្នាក់ នៅលើទឹកដីអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១៨។
លោក Grigory Logvinov ធ្វើការកត់សម្គាល់បែបនេះ នៅចំពោះមុខអ្នកសារព័ត៌មានក្នុងទីក្រុងកង់បេរ៉ា (Canberra) នៅថ្ងៃពុធនេះ។ លោកទូតរុស្ស៊ីរូបនេះ បានលើកឡើងដូច្នេះថា «ប្រទេសលោកខាងលិច គួរតែយល់ថា ការធ្វើយុទ្ធនាការប្រឆាំងនឹងរុស្ស៊ី គឺគ្មានអនាគតនោះទេ... ហើយបើសិនជាពួកគេ នៅតែបន្តសកម្មភាពលំអៀងដូចបច្ចុប្បន្ន នោះពិភពលោក នឹងធ្លាក់ចូលក្នុងសង្រ្គាមត្រជាក់សាជាថ្មី»។
គួរបញ្ជាក់ថា រុស្ស៊ីបានបដិសេធជាច្រើនដងថា ខ្លួនមិនមានជាប់ពាក់ព័ន្ធ នឹងការបំពុលសម្លាប់អតីតចារកិច្ចរុស្ស៊ី លោក ស៊ឺហ្កៃ ស្គ្រីផាល់ (Sergei Skripal) និងកូនស្រីរបស់លោក នៅលើទឹកដីអង់គ្លេស កាលពីថ្ងៃទី០៤ ខែមីនាឡើយ។ ប៉ុន្តែសហរដ្ឋអាមេរិក អង់គ្លេស និងប្រទេស ជាសមាជិកសហភាពអឺរ៉ុប រួមទាំងអង្គការណាតូ និងជាសម្ព័ន្ធមិត្តអាមេរិក បានប្រកាសបណ្ដេញមន្ត្រីទូតរុស្ស៊ីច្រើនជាង ១០០នាក់ ចេញពីប្រទេសរបស់ពួកគេ៕