(ឡុងដ៍)៖ ស្ថាបនិកក្រុមហ៊ុន Facebook លោក Mark Zuckerberg បាននិយាយថា លោកនឹងមិនទៅបង្ហាញខ្លួននៅចំពោះមុខ សភាអង់គ្លេសឡើយ ប៉ុន្តែលោកនឹងបញ្ជូនមន្ត្រីជាន់ខ្ពស់ម្នាក់របស់លោកទៅជំនួសវិញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១៨។
ការបញ្ជាក់បែបនេះរបស់លោក Zuckerberg ធ្វើឡើងនៅចំពេលក្រុមហ៊ុន Facebook និងក្រុមហ៊ុនវិភាគទិន្នន័យ Cambridge Analytica មានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេស កំពុងប្រឈមមុខនឹងវិបត្តិ ក្រោយត្រូវបានគេចោទប្រកាន់ថាបានធ្វើបែកធ្លាយ ព័ត៌មានឯកជនអ្នកប្រើប្រាស់រាប់លាននាក់។ ចំណែកឯ លោក Zuckerberg វិញ ក៏បានចេញមុខសូមទោសហើយដែរ មិនតែ ប៉ុណ្ណោះលោកសន្យាថានឹងការពារព័ត៌មានសំងាត់របស់អ្នកប្រើប្រាស់។
គួរបញ្ជាក់ថា ក្រុមហ៊ុន Facebook ត្រូវបានគេចោទប្រកាន់ថាបានបើកដៃឱ្យក្រុមហ៊ុន Cambridge Analytica ដែលត្រូវបាន លោកដូណាល់ ត្រាំ ជួលកាលពីឆ្នាំ២០១៦ ប្រើប្រាស់ព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់ជាង៥០លាននាក់ សំដៅស្ទាបស្ទង់ទឹកចិត្ត របស់ពួកគេ ដើម្បីជួយដល់ការឃោសនាបោះឆ្នោតរបស់លោកត្រំា៕