(ព្រុចសែល)៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានប្រកាសនៅថ្ងៃអង្គារនេះថា នឹងបណ្ដេញមន្ត្រីទូតរុស្ស៊ី ០៧នាក់ប្រចាំអង្គការអន្តរជាតិមួយនេះ ហើយដែលនេះជាផ្នែកមួយនៃការកាត់បន្ថយជាអតិបរាម៉ានូវចំនួនមន្ត្រីទូតរុស្ស៊ីពី៣០នាក់ មកនៅត្រឹម២០នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នំា២០១៨។
គួររំលឹកថា កាលពីថ្ងៃចន្ទ សហរដ្ឋអាមេរិក បានប្រកាសបណ្ដេញមន្ត្រីទូតរុស្ស៊ី៦០នាក់ចេញពីប្រទេស ហើយប្រទេសចំនួន១៤ ជាសមាជិក សហភាពអឺរ៉ុប រួមទាំងប្រទេសជាសម្ព័ន្ធមិត្តអាមេរិក ដូចជាកាណាដា និងអូស្រ្ដាលី ក៏បានប្រកាសរៀងៗខ្លួនថានឹង បណ្ដេញមន្ត្រីទូតរស្ស៊ីច្រើនជាង១០០នាក់ ចេញពីប្រទេសរបស់ពួកគេ។
ការសម្រេចចិត្តបែបនេះ ធ្វើឡើងជាការឆ្លើយតបនឹងចោទប្រកាន់ថារុស្ស៊ីជាអ្នកនៅពីក្រោយការបំពុលសម្លាប់អតីតចារកិច្ចរុស្ស៊ី លោក Sergei Skripal និងកូនស្រីរបស់លោកឈ្មោះ Yulia នៅក្នុងទីក្រុង Salisbury ប្រទេសអង់គ្លេស កាលពីថ្ងៃទី០៤ ខែមីនា កន្លងទៅ។ ប៉ុន្តែទីក្រុងម៉ូស្គូ បានបដិសេធហើយខ្លួននឹងចាត់វិធានការឆ្លើយតបវិញយ៉ាងសាកសម៕