(ប៉េកាំង)៖ ព័ត៌មាននានាបានចេញផ្សាយថា រថភ្លើងមួយខ្សែដែលគេសង្ស័យថា ដឹកមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងមន្ត្រីជាន់ខ្ពស់អមដំណើរមួយចំនួនទៀតនោះ បានចេញពីទីក្រុងប៉េកាំងហើយនៅថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia ដកស្រង់ពី Reuters នាល្ងាចថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១៨។
ព័ត៌មានដ៏រសើបបំផុតខាងលើនេះ ពីដំបូងឡើយត្រូវបានចេញផ្សាយដោយ កាសែតកូរ៉េខាងត្បូង Chosun Ilbo ដែលជាសារព័ត៌មាន តាមដានរាល់សកម្មភាពរបស់កូរ៉េខាងជើងកន្លងមក។ ព័ត៌មានស្តីពីការធ្វើទស្សនកិច្ចដ៏សម្ងាត់បំផុត របស់លោក គីម មកកាន់ប្រទេសចិននេះ ត្រូវបានលេចធ្លាយកាលពីរសៀលថ្ងៃចន្ទ ម្សិលមិញ ហើយក៏បានបន្ថែមទៀតថា លោក គីម ជុងអ៊ុន ទំនងជាបានចេញពីទីក្រុងប៉េកាំងហើយ ដើម្បីសំដៅទៅកូរ៉េខាងជើងវិញ នៅរសៀលថ្ងៃអង្គារនេះ។
ព័ត៌មានបានអះអាងទៀតថា លោក គីម ជុងអ៊ុន បានធ្វើដំណើរមកកាន់ទីក្រុងប៉េកាំង ដើម្បីជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅល្ងាចថ្ងៃចន្ទ បន្ទាប់ពីបានចាកចេញពីទីតាំងទី ៣ ប៉ុន្តែព័ត៌មានមិនបានបញ្ជាក់ទេថា តើទីតាំងទី ៣ នោះជាកន្លែងណា គ្រាន់តែគេដឹងថា ស្ថិតនៅក្នុងប្រទេសចិនដដែល ដែលលោក គីម បានធ្វើទស្សនកិច្ចដោយសម្ងាត់បំផុត ហើយសូម្បីចេតនានៃការមកដល់ប្រទេសចិននេះ ក៏មិនទាន់មានការបង្ហើប ឬសន្និដ្ឋានឲ្យដឹងនោះដែរ។
ជុំវិញបញ្ហាខាងលើនេះ អ្នកសារព័ត៌មានជាច្រើន បានចោទជាសំនួរទៅកាន់អ្នកនាំពាក្យ ក្រសួងការបរទេសចិន លោកស្រី ហួ ឈុនយីង (Hua Chunying) អំពីដំណើរមកដល់នៃ លោក គីម ជុងអ៊ុន ស្ងាត់ៗនៅទីក្រុងប៉េកាំង ប៉ុន្តែលោកស្រី បានឆ្លើយតបវិញថា «នៅខណៈពេលនេះ ខ្ញុំហាក់ដូចជាមិនយល់អំពីស្ថានភាព ដែលអ្នកបានលើកឡើងនេះឡើយ។ ប្រសិនបើមានព័ត៌មានថ្មីបន្ថែមនោះ យើងនឹងចេញផ្សាយវាតាមក្រោយ»។
ទោះជាយ៉ាងក៏ដោយ ខាងកូរ៉េខាងត្បូងឯណោះវិញ ទាំងផ្នែកការទូត និងសារព័ត៌មាននានា បាននិងកំពុងព្យាយាមតាមដានយ៉ាងលម្អិត អំពីព័ត៌មានខាងលើនេះ ប៉ុន្តែមិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយថា ព័ត៌មានបែកធ្លាយ អំពីដំណើរទស្សនកិច្ចរបស់ លោក គីម នៅក្នុងប្រទេសចិននេះ ជាការពិតនោះឡើយ ប៉ុន្តែអ្វីដែលគេជឿជាក់ខ្លាំងនោះ គឺរថភ្លើងខាងលើនេះ គឺពិតជាបានដឹកមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង មកបំពេញទស្សនកិច្ចនៅចិន ដែលជាសម្ព័ន្ធមិត្តលេខ ១ របស់ទីក្រុងព្យុងយ៉ាងតែម្តង៕