(ស៊ីដនី)៖ អ្នកស្រាវជ្រាវនៅឯសារមន្ទីរ Nicholson នៃសាកលវិទ្យាល័យស៊ីដនី ប្រទេសអូស្ត្រាលីមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានរកឃើញដោយចៃដន្យសាកសព ម៉ាមី (mummy) អេហ្ស៊ីបមានអាយុកាលជាង ២,៥០០ឆ្នាំ នៅក្នុងមឈូសមួយ ដែលគេធា្លប់ជឿជាក់ថា ទទេស្អាតពីមុនមក។ នេះបើតាមបណ្ឌិត Jamie Fraser ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ ស៊ីនហួរ នៅថ្ងៃអង្គារនេះ បណ្ឌិត ចេមី ហ្វ្រេស៊ឺ (Jamie Fraser) ជាអ្នកបុរាណវិទ្យា និងអ្នកដឹកនាំការស្រាវជ្រាវបានឱ្យដឹងថា មឈូសខាងលើមានដើមកំណើតមកពីផ្សារដ៏ចំណាស់មួយ នៅប្រទេសអេហ្ស៊ីប ហើយវាត្រូវបានទិញក្នុងឆ្នាំ១៨៥៨ ដោយលោក Charles Nicholson ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃសាកលវិទ្យាល័យស៊ីដនី ដំបូងគេម្នាក់។
Fraser បន្ថែមថា អ្នកយាមម្នាក់កាលពី ឆ្នាំ១៩៤០ ធ្លាប់បានអះអាងថា នៅក្នុងមឈូសនេះគឺទទេស្អាត ប៉ុន្តែនាពេលថ្មីនេះ ពោលគឺនៅពេលដែល Fraser សម្រេចចិត្តថតរូបនៅខាងក្រោមមឈូស ដើម្បីធ្វើកំណត់ហេតុ ស្រាប់តែពួកគេបានរកឃើញសាកសព mummy នៅខាង ក្នុងដ៏គួរឱ្យភ្ញាក់ផ្អើល។
គួរបញ្ជាក់ថា បើតាម Jamie Fraser មឈូសខាងលើ ត្រូវបានធ្វើឡើងសម្រាប់ដាក់សាកសពស្រ្ដីម្នាក់ មានឈ្មោះថា មើ ណែស អ៊ីតស៍ (Mer-neith-ites) ហើយគេជឿជាក់ថា ស្ត្រីរូបនេះបានរស់នៅក្នុងប្រទេសអេហ្ស៊ីប នៅអំឡុងឆ្នាំ៦០០ មុនគ.ស ដោយសំអាងលើរចនាបថ នៅលើមឈូស៕