(ម៉ូស្គូ)៖ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅ​ថ្ងៃអង្គារនេះ បាននិយាយថា ​គ្រោះអគ្គីភ័យ​​ដែលបានឆាបឆេះ​​ផ្សារ​ទំនើបមួយ​ នៅក្នុងទីក្រុងខេមែរ៉ូវ៉ូ (Kemerovo) ភាគខាងត្បូង​ប្រទេស និងផ្ដាច់ជីវិតមនុស្ស ៦៤នាក់ ក្នុងនោះមាន​កុមារជាច្រើននាក់ គឺបណ្ដាល មកពីការ​ធ្វេសប្រហែស និងគ្មានការយក​ចិត្តទុកដាក់។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន CNN នៅរសៀលថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១៨។

ទន្ទឹមគ្នា​នៅថ្ងៃអង្គារនេះដែរ ប្រជាជនរុស្ស៊ី​នៅក្នុងទីក្រុងខេមែរ៉ូវ៉ូ (Kemerovo) បានចាប់ផ្ដើមធ្វើ​ការកាន់ទុក្ខរយៈពេលបី​ថ្ងៃដោយ ចាប់ផ្ដើមពី​​ថ្ងៃអង្គារនេះតទៅ ជូនដល់ជនរងគ្រោះ​​ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុង​គ្រោះអគ្គីភ័យ​​ឆាបឆេះ​​ផ្សារ​ទំនើប​ Winter Cherry កាលពី​រសៀល​ថ្ងៃអាទិត្យ ដែលបាន​កើតឡើងនៅចំពេល​មនុស្សម្នា​ជាច្រើន​នាក់ កំពុងសម្រុកចូល​ទិញសំបុត្រកុន។ «ការ​កាន់ទុក្ខនឹង​ត្រូវធ្វើឡើង​រយៈពេលបីថ្ងៃ​ ដោយចាប់​ផ្ដើមពីថ្ងៃទី២៧ រហូត​ដល់ថ្ងៃទី២៩ ខែមីនា ហើយទង់ជាតិ​រុស្ស៊ី នឹងត្រូវបង្ហូត​ត្រឹមពាក់​កណ្ដាល​ដង នៅទូទាំងតំបន់​ទាំងអស់​ក្នុងទីក្រុង​ខេមែរ៉ូវ៉ូ»។ នេះបើតាម​​សេចក្ដីថ្លែងការណ៍​ នៃរដ្ឋបាល​នៅក្នុងតំបន់។

គួរបញ្ជាក់ថា បើតាមតួរលេខ​ចុងក្រោយគិតត្រឹម​ថ្ងៃចន្ទ ម្សិលមិញ ជនរងគ្រោះ​យ៉ាង​ហោចណាស់ ៦៤នាក់​ហើយ​ត្រូវគេបញ្ជាក់ថា បានបាត់បង់ជីវិត​នៅក្នុងហេតុការណ៍​គ្រោះអគ្គីភ័យនេះ។ ចំណែកឯ មនុស្សសរុបចំនួន ៤៨នាក់ បានទទួលការព្យាបាល​ដោយ ១២នាក់ក្នុងចំណោមនោះ​កំពុងបន្តសម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ ក្នុងទីក្រុង Kemerovo ហើយក្នុងចំណោម​ជនរងគ្រោះ​ទាំងអស់ (ទាំងស្លាប់ និងរបួស) មានកុមារ​ជាច្រើននាក់។ បន្ថែមពីលើនេះ មនុស្ស ០៤នាក់ ក៏ត្រូវបាន​ឃាត់ខ្លួនផងដែរ ដើម្បីរង់ចាំការសួរ​ចម្លើយ