(វ៉ាស៊ីនតោន)៖ សេតវិមានអាមេរិកនៅថ្ងៃចន្ទសប្តាហ៍នេះ បានចេញសេចក្តីថ្លែងការណ៍ច្រានចោលពាក្យចោទប្រកាន់ទាំងឡាយ ព្រមទាំងពាក្យសម្តីដែលចេញពីមាត់តារាភាពយន្តអាសអាភាស នាង Stormy Daniels ដែលថា នាងធ្លាប់មានសម្ព័ន្ធភាពផ្លូវភេទជាមួយលោក ដូណាល់ ត្រាំ និងការប្រើលុយបំបិទមាត់ ដើម្បីកុំឲ្យព័ត៌មាននេះរីកសុះសាយនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១៨។
នៅក្នុងបទសម្ភាសន៍បើកចំហជាសាធារណៈ តាមកញ្ចក់ទូរទស្សន៍ CBS នៅអាមេរិក នាង Stormy បានរៀបរាប់រឿងលម្អិតរវាងនាង និងលោក ដូណាល់ ត្រាំ ច្រើនជាងលើកមុនៗទៅទៀត ជាពិសេសគឺសម្ព័ន្ធភាពផ្លូវភេទរវាងអ្នកទាំងពីរ ដែលបានកើតឡើងកាលពីជាងមួយទសវត្សរ៍មុន ដែលប្រការនេះនាំឲ្យសារព័ត៌មានធំៗទូទាំងសកលលោក ជាពិសេសនៅអាមេរិក បានធ្វើការចុះផ្សាយយ៉ាងកក្រើកតែម្តង។
ដោយហេតុនេះហើយ ទើបមួយថ្ងៃបន្ទាប់ សេតវិមានទីក្រុងវ៉ាស៊ីនតោន បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់អះអាងច្បាស់ៗយ៉ាងដូច្នេះថា «ប្រធានាធិបតី លោក ដូណាល់ ត្រាំ ប្រកាសច្រានចោលទាំងស្រុងតែម្តង រាល់ការចោទប្រកាន់ទាំងអស់អំពីរឿងរ៉ាវចោទប្រកាន់ នៃទំនាក់ទំនងផ្លូវភេទ»។ នេះបើតាមការថ្លែងរបស់ អ្នកនាំពាក្យសេតវិមាន លោក Raj Shah។
នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃអាទិត្យ នាង Daniels មានឈ្មោះដើម ស្ទេហ្វានី គ្លីហ្វហ្វដ (Stephanie Clifford) នៅតែអះអាងដដែលថា នាងធ្លាប់រួមដំណេកគ្នាមួយលោក ត្រាំ កាលពីខែកក្កដា ឆ្នាំ២០០៦ ប៉ុន្តែតាំងពីនោះមក អ្នកទាំងពីរមិនដែលរួមដំណេកទៀតទេ។ តារាសិចរូបនេះបន្ថែមថា នាងធ្លាប់មានអារម្មណ៍ភ័យខ្លាចពាក់ព័ន្ធ នឹងរឿងអាស្រូវនេះ កាលពីឆ្នាំ២០១១ បន្ទាប់ពីនាងបាននិយាយពីរឿងនេះ ប្រាប់សារព័ត៌មានអាមេរិកដ៏ល្បីមួយជាថ្នូរនឹងប្រាក់ ១៥,០០០ដុល្លារ។
មិនតែប៉ុណ្ណោះ នាង Daniels ក៏បានអះអាងដែរថា នាងធ្លាប់ត្រូវបានគេគំរាមកំហែងផងដែរ។ «ទុកឱ្យលោក ត្រាំ នៅម្នាក់ឯង ហើយបំភ្លេចរឿងដែលបានកើតឡើង»។ នេះជាការលើកឡើងរបស់នាង Daniels ដោយរំលឹកថា បុរសម្នាក់បានសម្លឹងមើល កូនស្រីរបស់នាង និងនិយាយយ៉ាងដូច្នេះថា «នាងជាក្មេងស្រីដ៏ស្អាតម្នាក់ ហើយវាគឺជារឿងឈឺចាប់បំផុត បើសិនជាមានរឿងអ្វីមួយកើត ឡើងលើម្ដាយរបស់នាង»។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក នាង Daniels ធ្លាប់បានទទួលប្រាក់ ១៣០,០០០ដុល្លារ ក្នុងមួយសប្ដាហ៍ មុននឹងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ ចូលមកដល់ ជាថ្នូរនឹងការបិទមាត់មិនគាស់កកាយរឿងអាស្រូវជាមួយ លោកត្រាំ។ ប៉ុន្តែមេធាវីរបស់ប្រធានាធិបតីអាមេរិករូបនេះ បានបដិសេធថា លោក ត្រាំ មិនដែលមានទំនាក់ទំនងជាមួយនាង Stormy Daniels នោះទេ៕