(ចិន)៖ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ អង្គការសហប្រជាជាតិ បានរៀបចំសន្និសីទ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) និងសាលាពាណិជ្ជសាស្ត្រ Alibaba ដើម្បីប្រកាស ឲ្យមានការចុះឈ្មោះចូលរៀន ក្នុងវគ្គបណ្តុះបណ្តាល សម្រាប់សហគ្រិន អាស៊ី ជាលើកដំបូងចំនួន៣៧នាក់ ក្នុងកម្មវិធីគំនិតផ្តួចផ្តើម eFounders ដែលរៀបចំធ្វើឡើងនៅបរិវេណ សាលា Alibaba នាទីក្រុងហានចូវ ប្រទេសចិន។
វគ្គបណ្តុះបណ្តាលដែលមានរយៈពេល១១ថ្ងៃនេះ គឺជាផ្នែកមួយ នៃការប្តេជ្ញាចិត្តរបស់លោក Jack Ma ស្ថាបនិក និងជាប្រធានប្រតិបត្តិ របស់ក្រុមហ៊ុន Alibaba Group និងជាទីប្រឹក្សា ពិសេសរបស់ UNCTAD ក្នុងគោលបំណងដើម្បីលើកកម្ពស់សិទ្ធិអំណាច ដល់សហគ្រិនចំនួន ១,០០០នាក់ ដែលមកពីបណ្តាប្រទេស កំពុងអភិវឌ្ឍក្នុងរយៈពេល៥ឆ្នាំ។ ការដាក់ឲ្យដំណើរការកម្មវិធីដំបូង សម្រាប់សហគ្រិនអាស៊ីនេះ កើតមានឡើងបន្ទាប់ពីការទទួលបានជោគជ័យ នៃការបើកវគ្គសិក្សាបែបនេះ ដល់សិក្ខាកាមអាហ្វ្រិកចំនួន ២៤នាក់រួចមក ហើយ កាលពីខែវិច្ឆិកាកន្លងទៅ។
ឆ្លងកាត់ការជ្រើសរើសយ៉ាងម៉ត់ចត់ជាទីបំផុត បេក្ខជនចុងក្រោយមកពីប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ប៉ាគីស្ថាន ហ្វីលីពីន ថៃ និងប្រទេសវៀតណាម នឹងចាប់ផ្តើមចូលរៀនក្នុងវគ្គ បណ្តុះបណ្តាលរយៈពេល១១ថ្ងៃ ដែលផ្តល់នូវគំនិតច្នៃប្រឌិត ផ្នែកពាណិជ្ជកម្មអេឡិចត្រូនិច ពីប្រទេសចិន និងបណ្តាប្រទេសជុំវិញពិភពលោក ហើយពួកគេនឹងក្លាយជាកម្មសិក្សាការី របស់គំនិតផ្តួចផ្តើម eFounders។ មិនត្រឹមតែប៉ុណ្ណោះ សិក្ខាកាមទាំងអស់ ក៏នឹងក្លាយទៅជាកម្លាំងចលករដ៏សំខាន់ នៅក្នុងការអភិវឌ្ឍប្រទេសជាតិរបស់ពួកគេ ដើម្បីជំរុញការផ្លាស់ប្តូរ ទៅជាប្រព័ន្ធសេដ្ឋកិច្ចឌីជីថលផងដែរ។
លោកស្រី Arlette Verploegh អ្នកសម្របសម្រួលកម្មវិធីគំនិតផ្តួចផ្តើម eFounders របស់ UNCTAD បាននិយាយថា «យើងចង់ជួយយុវជនឲ្យចូលរួមចំណែក ក្នុងការងារដែលយើង ធ្វើដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ គំនិតផ្តួចផ្តើមនេះ គឺផ្តោតលើបំពេញចន្លោះប្រហោងឌីជីថល សម្រាប់សហគ្រិនវ័យក្មេង និងស្វែងរកនូវសក្តានុពល របស់ពួកគេ។ វាជាផ្នែកមួយនៃភាពជាដៃគូឆ្លាតវៃរបស់ UNCTAD ដែលបង្កើតដើម្បីឈានទៅរកការសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព»។
លោក Brian A.Wong អនុប្រធានក្រុមហ៊ុនAlibaba Group ដែលដឹកនាំកម្មវិធីគំនិតផ្តួចផ្តើមជាសកលមួយនេះ បានថ្លែងថា សិក្ខាកាមទាំងអស់គឺជាស្ថាបនិក នៃក្រុមហ៊ុន ដែលទើប តែចាប់ផ្តើមអាជីវកម្មរបស់ពួកគេដំបូង ដែលមានកម្រិតចាប់ពីពាណិជ្ជកម្មអេឡិចត្រូនិច ទិន្នន័យធំៗ ការដឹកជញ្ជូន បច្ចេកវិទ្យាក្នុងទូទាត់ ឥណទានហិរញ្ញវត្ថុ និងទេសចរណ៍ជាដើម។
លោក Brian A.Wong បន្ដថា «យើងពិតជាមានសេចក្តីរំភើបរីករាយខ្លាំងណាស់ ក្នុងការពង្រីកកម្មវិធីអាហារូបករណ៍នេះ ឲ្យទៅដល់សហគ្រិនជាច្រើនទៀត មកពីតំបន់អាស៊ី ជាលើកដំបូង ដែលជាផ្នែកមួយនៃការ ប្តេជ្ញាចិត្តរបស់យើង ក្នុងការផ្តល់សិទ្ធិអំណាចដល់ម្ចាស់ជើងឯកឌីជីថល និងសហគមន៍នៅជុំវិញពិភពលោក»។
លោកថា «គោលដៅរបស់យើង គឺដើម្បីជំរុញ និងលើកកម្ពស់សហគ្រិន ឲ្យក្លាយជាអ្នកត្រួសត្រាយផ្លូវ សម្រាប់ការកសាងនូវគំរូអភិវឌ្ឍន៍មួយ ដែលមិនត្រឹមតែសម្រាប់អាជីវកម្មរបស់ ពួកគេប៉ុណ្ណោះទេ ថែមទាំងផ្តល់ផលប្រយោជន៍ ដល់សង្គមផងដែរ តាមរយៈការបង្កើតវេទិកាជាច្រើន ដែលទាំងអស់គ្នាអាចចូលរួម និងទទួលបានផលប្រយោជន៍ជាច្រើន ពីកិច្ចការងារទាំងឡាយនេះ»។
ដោយឈរលើស្មារតីនៃរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពកម្មវិធីនេះ ត្រូវបានធ្វើឡើងស្របតាមការអំពាវនាវ យ៉ាងទូលំទូលាយដើម្បីធានាថា គ្មាននរណា ម្នាក់ ត្រូវបានទូកចោលនៅក្នុងយុគសម័យសេដ្ឋកិច្ច ឌីជីថលនោះទេ ហើយក៏ដើម្បីជួយកាត់បន្ថយគម្លាតឌីជីថល ដែលក្រុមហ៊ុនអាជីវកម្មជាច្រើន នៅក្នុងទីផ្សារបាននឹងកំពុងជួបប្រទះ ផងដែរ។
ដោយមានកិច្ចសហការរៀបចំរួមគ្នា រវាងអង្គការ UNCTAD និងសាលាពាណិជ្ជសាស្រ្ត Alibaba គំនិតផ្តួចផ្តើម efounders ក៏បានចូលរួមគាំទ្រដល់បេសកកម្មរបស់ Alibabaផងដែរ ដើម្បីជួយដល់អាជីវកម្មខ្នាតតូចទាំងអស់ ឲ្យទទួលបានជោគជ័យទាំងនៅទីផ្សារ ក្នុងស្រុកទាំងនៅទីផ្សារក្រៅប្រទេស។
សូមបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះ ត្រូវបានប្រកាសជាលើកដំបូងកាលពីឆ្នាំ២០១៧ ដោយលោក Jack Ma ក្នុងនាមលោកជាទីប្រឹក្សាពិសេសរបស់ UNCTAD សម្រាប់សហគ្រិនវ័យក្មេង និងអាជីវកម្មខ្នាតតូច នៅពេលដែលលោករួមជាមួយនឹងលោកបណ្ឌិត Mukhisa Kituyi អគ្គលេខាធិការ UNCTAD បានបំពេញទស្សនកិច្ចនៅអាហ្រ្វិក៕