ព្រិលពណ៌ទឹកក្រូច កំពុងគ្របដណ្តប់តំបន់អឺរ៉ុបខាងកើត ដែលជាបាតុភូត ០៥ឆ្នាំ ទើបមានម្តង!
27-03-2018 12:33
(ម៉ូស្គូ)៖ តំបន់មួយចំនួននៃប្រទេសរុស្ស៊ី និងបណ្ដាប្រទេសអឺរ៉ុបខាងកើត បាន និងកំពុងគ្របដណ្ដប់ដោយព្រិលពណ៌ទឹកក្រូច នៅក្នុងសប្ដាហ៍នេះ ដែលវាជាបាតុភូត ដ៏ចម្លែកមួយ បង្កឡើងដោយព្យុះខ្សាច់-ធូលី បក់បោកមកពីតំបន់វាលខ្សាច់ សាហារ៉ា (Sahara)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១៨។
យោងតាមក្រុមឧតុនិយមអឺរ៉ុប ព្យុះនៅក្នុងតំបន់អាហ្រិ្វកខាងជើង ដោយនាំមកជាមួយខ្សាច់ ធូលីមកពីតំបន់វាលខ្សាច់ Sahara ឆ្ពោះមកកាន់តំបន់សមុទ្រមេឌីទែរ៉ាណេ និងអឺរ៉ុប បានបណ្ដាលឱ្យព្រិលប្រែទៅជាពណ៌ទឹកក្រូច នៅតាមតំបន់មួយចំនួននៃបណ្ដាប្រទេស អឺរ៉ុបខាងកើត និងរុស្ស៊ី ដោយលាយឡំជាមួយព្រិល និងភ្លៀងធ្លាក់ផងដែរ។
គួរបញ្ជាក់ថា បាតុភូតនេះ តែងតែកើតឡើងក្នុងរយៈពេល ០៥ឆ្នាំម្ដង ហើយវាកើតឡើងនៅផ្នែកផ្សេងៗគ្នា នៃពិភពលោក។ ប៉ុន្តែក្រុមអ្នកជំនាញអះអាងថា ព្រិលខ្សាច់នៅក្នុងឆ្នាំនេះ ហាក់ដូចជាគ្របដណ្ដប់ដោយខ្សាច់ជាច្រើន ខុសប្លែកពីលើកមុនៗ៕