(ស៊ីដនី)៖ អូស្ត្រាលីបានក្លាយជាប្រទេសចុងក្រោយគេ ដែលបានសម្រេចចិត្តចូលរួមជាមួយសហរដ្ឋអាមេរិក និងបណ្ដាប្រទេសអឺរ៉ុប ក្នុងសង្រ្គាមការទូត បណ្ដេញមន្ត្រីទូតរុស្ស៊ីចេញពីប្រទេស ជាការឆ្លើយតបនឹងការបំពុលសម្លាប់ អតីតទីភ្នាក់ងារចារកម្មរុស្ស៊ីម្នាក់ នៅលើទឹកដីអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១៨។
គិតត្រឹមថ្ងៃចន្ទម្សិលមិញ មន្ត្រីទូតរុស្ស៊ីច្រើនជាង ១០០នាក់ នៅក្នុងប្រទេសចំនួន ២០ ត្រូវបានបណ្ដេញចេញ នៅក្រោមការសម្រេចចិត្តរួមមួយ របស់សហរដ្ឋអាមេរិក និងបណ្ដាប្រទេសអឺរ៉ុប។ ជុំវិញសង្រ្គាមការទូតនេះដែរ ដោយបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះការបណ្ដេញមន្ត្រីទូតរុស្ស៊ី នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ម៉ាខូម ធើនប៊ូល (Malcolm Turnbull) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការវាយប្រហារដោយអាវុធគីមី នៅក្នុងទីក្រុង សាលីប៊ឺរី (Salisbury) គឺជាការវាយប្រហារលើពួកយើងទាំងអស់គ្នា ... ដូច្នេះហើយទើបយើងសម្រេចចិត្ត ចូលរួមជាមួយប្រទេស ២៣ ផ្សេងទៀត នៅទូទាំងពិភពលោក»។
គួរបញ្ជាក់ថា បើតាមលោក Malcolm Turnbull អូស្ត្រាលីនឹងបណ្ដេញទូតរុស្ស៊ីពីរនាក់ចេញពីប្រទេស ជាការចូលរួមជាមួយ សហរដ្ឋអាមេរិក និងបណ្ដាប្រទេសអឺរ៉ុប ក្នុងសង្រ្គាមការទូតបណ្ដេញមន្ត្រីទូតរុស្ស៊ីចេញពីប្រទេស ដើម្បីឆ្លើយតបនឹងការបំពុល សម្លាប់អតីតទីភ្នាក់ងារចារកម្មរុស្ស៊ី លោក ស៊ឺហ្គៃ ស្គ្រីផាល់ (Sergei Skripal) និងកូនស្រីរបស់លោកឈ្មោះ យូលៀ (Yulia) នៅក្នុង ទីក្រុង Salisbury ចក្រភពអង់គ្លេសកាលពីថ្ងៃទី០៤ ខែមីនាកន្លងទៅ។ ប៉ុន្តែរុស្ស៊ី បានច្រានចោលរាល់ការចោទប្រកាន់ទាំងឡាយ ហើយថែមទាំង បានប្រកាសដែរថា ខ្លួននឹងចាត់វិធានការសងសឹកនឹងប្រទេសទាំងនោះម្ដងមួយៗ៕