(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី លោក អានីហ្វាហ៍ អាមែន (Anifah Aman) និងរដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី លោកស្រី រ៉េតណូ ម៉ារស៊ូឌី (Retno Marsudi) បានបំពេញទស្សនកិច្ចនៅឯរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដោយបានចូលជួបពិភាក្សាជាមួយ អនុរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ចន ស៊ូលលីវ៉ាន (John Sullivan) ដែលកំពុងកាន់តួនាទីជាបណ្តោះអាសន្ន សម្រាប់កិច្ចការផ្សេងៗ ជំនួសឲ្យអតីតប្រមុខការទូតអាមេរិក លោក រ៉ិច ធីល្លឺសុន ដែលទើបត្រូវបានបណ្តេញចេញពីមុខតំណែង នាពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១៨។
បើតាមសេចក្តីថ្លែងការណ៍មួយរបស់អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិក លោកស្រី ហ៊ឺធើ ណឺត (Heather Nauert) លោក Sullivan និង លោក Aman បានសង្កត់ធ្ងន់ជាថ្មីម្តងទៀតអំពីសារៈសំខាន់ នៃភាពជាដៃគូគ្រប់ជ្រុងជ្រោយ អាមេរិក-ម៉ាឡេស៊ី- និងបានប្តេជ្ញាបន្តរឹងបន្តឹងចំណងទាក់ទងដ៏ល្អនេះ នៃប្រទេសទាំងពីរមិនថា ផ្នែកការទូត សេដ្ឋកិច្ច ឬក៏សន្តិសុខនោះឡើយ។
សម្រាប់កិច្ចជួបពិភាក្សាដាច់ដោយឡែក ជាមួយលោកស្រី Marsudi វិញ លោក Sullivan និងប្រមុខការទូតឥណ្ឌូណេស៊ី បានសង្កត់ធ្ងន់ពីភាពជាដៃគូយុទ្ធសាស្រ្តដ៏សំខាន់រវាង អាមេរិក-ឥណ្ឌូណេស៊ី ព្រមទាំងការប្តេជ្ញារបស់ប្រទេសទាំងពីរ ក្នុងការធ្វើឲ្យកិច្ចសហប្រតិបត្តិការ នៅតំបន់ប៉ាស៊ីហ្វិកកាន់តែរឹងមាំ និងខ្លាំងក្លាថែមទៀត៕