(អាមេរិក)៖ ទីភ្នាក់ងារអវកាស NASA នឹងធ្វើតេស្តម្តងទៀត នូវបច្ចេកវិទ្យាឆ័ត្រយោងដ៏ទំនើបរបស់ខ្លួន សម្រាប់បំពាក់លើយាន Mars Rover ថ្មីនាព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក)។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយ Space.com នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១៨។
រ៉ុក្កែតមួយគ្រាប់ដែលនាំយកបច្ចេកវិទ្យាឆ័ត្រយោងនេះ មានឈ្មោះកាត់ថា ASPIRE ត្រូវបានគេគ្រោងនឹងបាញ់បង្ហោះ ចេញពីមូលដ្ឋានហោះហើរ Wallops របស់អង្គការ NASA ដែលស្ថិតនៅក្នុងរដ្ឋ Virginia នាព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ចន្លោះម៉ោង ៦៖៤៥នាទី និង១០៖១៥នាទីព្រឹក ត្រូវនឹងយប់ថ្ងៃព្រហស្បតិ៍នៅកម្ពុជា។
បច្ចេកវិទ្យាឆ័ត្រយោងនេះ ត្រូវបានរចនាឡើង ដើម្បីជួយឲ្យយាន Mars Rover 2020 របស់ NASA ចុះទៅដល់ភពអង្គារ (Mars) ដោយសុត្ថិភាព ខណៈយានដែលមានទំហំប៉ុនរថយន្តធម្មតាមួយគ្រឿង និងមានលក្ខណៈស្រដៀងនឹងយាន Curiosity នេះត្រូវគេគ្រោងនឹងឲ្យធ្វើយ៉ាងណាឲ្យវាចុះជាន់ដល់ដី Mars នៅឆ្នាំ២០២១ ដើម្បីតាមប្រមាញ់រុករកសញ្ញា នៃទម្រង់ជីវិតកាលពីអតីតកាល នៅលើភពក្រហមនេះ។
គួរបញ្ជាក់ថា ទីភ្នាក់ងារអវកាសណាសា បានចាប់ផ្តើមធ្វើការច្នៃ និងសាងសង់ផ្នែកចុងក្រោយ នៃយានរុករក Mars Rover ២០២០ កាលពីខែកក្កដា ឆ្នាំ២០១៦មកម៉្លេះ ដោយយានថ្មីនេះត្រូវបានចាត់ឲ្យចាប់សញ្ញា និងស្រាវជ្រាវអំពីជីវិតដែលធ្លាប់មាននៅលើភពអង្គារនាសម័យបុរាណ បន្ទាប់ពីវាត្រូវបានចុះចតនៅលើផ្ទៃដី របស់ភពអង្គារជាស្ថាពរនៅខែកុម្ភៈឆ្នាំ២០២១។
បេសកកម្មសិក្សាស្រាវជ្រាវអំពីភពអង្គារនៃយានMars Rover 2020 យ៉ាងហោចណាស់ក៏ត្រូវចំណាយពេលអស់២ឆ្នាំដែរ ដោយយាននឹងត្រូវបានបង្ហោះដោយគ្រាប់រ៉ុកកែត Atlas V ចេញពីស្ថានីយ៍បង្ហោះយាន Cape Canaveral ក្នុងរដ្ឋផ្លូរីដា សហរដ្ឋអាមេរិក នាខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ៕