រុស្ស៊ីប្រកាស «កាន់ទុក្ខរយៈពេល ០៣ថ្ងៃ ជូនដល់ជនរងគ្រោះទាំង ៦៤នាក់» ដែលបានស្លាប់ក្នុងករណីឆេះផ្សារទំនើប នៅទីក្រុងភាគខាងត្បូង
27-03-2018 10:36
(ម៉ូស្គូ)៖ ប្រជាជនរុស្ស៊ី នៅក្នុងទីក្រុងខេមែរ៉ូវ៉ូ (Kemerovo) ភាគខាងត្បូងប្រទេស នឹងធ្វើការកាន់ទុក្ខរយៈពេលបីថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃអង្គារនេះតទៅ ជូនដល់ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងគ្រោះអគ្គីភ័យឆាបឆេះផ្សារទំនើប កាលពីថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១៨។
«ការកាន់ទុក្ខនឹងត្រូវធ្វើឡើងរយៈពេលបីថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី២៩ ខែមីនា ហើយទង់ជាតិរុស្ស៊ី នឹងត្រូវបង្ហូតត្រឹមពាក់កណ្ដាលដង នៅទូទាំងតំបន់ទាំងអស់ក្នុងទីក្រុងខេមែរ៉ូវ៉ូ»។ នេះបើតាមសេចក្ដីថ្លែងការណ៍ នៃរដ្ឋបាលនៅក្នុងតំបន់។ ជាមួយគ្នានោះដែរ បើតាមតួរលេខចុងក្រោយគិតត្រឹមថ្ងៃចន្ទម្សិលមិញ ជនរងគ្រោះយ៉ាងហោចណាស់ ៦៤នាក់ហើយត្រូវគេបញ្ជាក់ថា បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យ ដ៏ធំមួយដែលបានកើតមានឡើងនៅឯផ្សារទំនើបមួយកន្លែង ក្នុងទីក្រុងខេមែរ៉ូវ៉ូ (Kemerovo) ភាគខាងត្បូងនៃប្រទេសរុស្ស៊ី។
មនុស្សសរុបចំនួន ៤៨នាក់ បានទទួលការព្យាបាលដោយ ១២នាក់ ក្នុងចំណោមនោះកំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងទីក្រុង Kemerovo ខណៈមនុស្ស ១៦នាក់ នៅតែបន្តបាត់ខ្លួននៅឡើយ ហើយក្នុងចំណោមជនរងគ្រោះទាំងអស់ (ទាំងស្លាប់ និងរបួស) មានកុមារជាច្រើននាក់។ សម្រាប់មូលហេតុដែលបានបង្កទៅជា គ្រោះអគ្គីភ័យដ៏អាក្រក់នេះ ក៏នៅមិនទាន់ដឹងជាក់លាក់នៅឡើយដែរ ប៉ុន្តែមនុស្ស ០៤នាក់ ត្រូវបានឃាត់ខ្លួន ដើម្បីរង់ចាំការសួរចម្លើយ៕