​(យូអិន)៖ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរ៉ែស (Antonio Guterres) មានការសោកស្ដាយ​ជាខ្លាំង ចំពោះការ​លើកឡើង​របស់ប្រមុខ​យោធា​មីយ៉ាន់ម៉ា​ លោក យូ មីន អ៊ុង ហ្លេង (U Min Aung Hlaing) ពាក់ព័ន្ធនឹងជនជាតិ​រ៉ូហ៊ីងយ៉ា។ នេះបើតាម​អ្នកនាំពាក្យ​របស់ លោក Guterres ដកស្រង់ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១៨។

ថ្លែងនៅក្នុង​សេចក្ដីថ្លែងការណ៍​ ចេញផ្សាយកាលពី​ថ្ងៃចន្ទ អ្នកនាំពាក្យ​លោក Guterres គឺលោក ហ្វារ៉ាន ហាក (Farhan Haq) បាន​គូសបញ្ជាក់​ដូច្នេះថា «លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​មានការសោកស្ដាយ​ ចំពោះការលើកឡើង​របស់​ប្រមុខ​យោធា​មីយ៉ាន់ម៉ា លោក U Min Aung Hlaing ពាក់ព័ន្ធនឹង​ជនជាតិ​រ៉ូហ៊ីងយ៉ា»

ប្រតិកម្មរបស់លោក Guterres ធ្វើឡើងបន្ទាប់​ពីលោក Aung Hlaing កាលពីថ្ងៃចន្ទ នៅអំឡុងពិធីជួបជុំ​មួយនៅឯភាគខាង​ជើងរដ្ឋ Kachin បាននិយាយថា «ជនជាតិដើមភាគតិច​រ៉ូហ៊ីងយ៉ា គឺជាជន​ជាតិ Bengalis» ហើយថា «ពួកគេគ្មាន​គុណ​សម្បតិ្ត ឬវប្បធម៌​រួម​ជាមួយជនជាតិ​​ដទៃទៀត​ ក្នុងប្រទេស​មីយ៉ាន់ម៉ា​នោះទេ»

បន្ថែមពីលើនេះ នៅក្នុងសេចក្ដី​ថ្លែងការណ៍នោះដែរ លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ក៏បានបញ្ជាក់​ផងដែរពីសារៈសំខាន់ នៃការទទួលខុស​ត្រូវ​របស់រដ្ឋាភិបាល​មីយ៉ាន់ម៉ា ក្នុងការ​ផ្ដល់ជំនួយ និងការពារ​សន្តិសុខ​ ដល់អ្នកដែលត្រូវការ​ជាចាំបាច់​ ក៏ដូចជាធានាផងដែរ​សម្រាប់ជនជាតិរ៉ូហ៊ីងយ៉ា ដើម្បីឱ្យ​ពួកគេ​ត្រឡប់​មកផ្ទះ​សម្បែង​របស់ពួកគេ​វិញ ដោយ​ស្ម័គ្រចិត្ត សុវត្ថិភាព និងភាពថ្លៃថ្នូរ។​

គួរបញ្ជាក់ថា អំពើហិង្សារវាង​ក្រុមប្រដាប់អាវុធ​រ៉ូហ៊ីងយ៉ា និងយោធា​មីយ៉ាន់ម៉ា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ នៅក្នុងរដ្ឋ Rakhine នៃភាគខាងជើង​ប្រទេស​មីយ៉ាន់ម៉ា បានផ្ដាច់យកអាយុ​ជីវិតមនុស្សរាប់រយនាក់ ខណៈមនុស្ស​ប្រមាណជា ៦៨៨,០០០នាក់ បានរត់ភៀសខ្លួន​ទៅកាន់ប្រទេស​បង់ក្លាដែស៕