BREAKING NEWS: ធ្លាយព័ត៌មានថា «លោក គីម ជុងអ៊ុន កំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន» ប៉ុន្តែអាមេរិក និងកូរ៉េខាងត្បូង មិនទាន់ហ៊ានអះអាង...
27-03-2018 09:33
(ប៉េកាំង)៖ លោក គីម ជុងអ៊ុន ត្រូវគេបង្ហើបឲ្យដឹងថា កំពុងបំពេញទស្សនកិច្ច ដោយពុំមានការជូនដំណឹងទុកជាមុនមួយ នៅឯទីក្រុងប៉េកាំង ដែលបើជាការពិតវា គឺជាដំណើរទស្សនកិច្ចនៅក្រៅប្រទេសដំបូងបំផុតរបស់លោក គិតចាប់តាំងតែពីប្រមុខដឹកនាំកំពូលរូបនេះ បានឡើងកាន់អំណាចកាលពីឆ្នាំ២០១១។ នេះបើតាមប្រភពពីបុគ្គលបីរូប ដែលបានដឹងអំពីដំណើរទស្សនកិច្ចនេះ ដកស្រង់ដោយសារព័ត៌មាន Bloomberg នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១៨។
យ៉ាងណាមិញ ព័ត៌មានលម្អិតអំពីដំណើរទស្សនកិច្ចដ៏កម្រខាងលើនេះ ដ៏ដូចរយៈពេល លោក គីម នឹងស្នាក់នៅក្នុងប្រទេសចិនសម្រាប់ប៉ុន្មានថ្ងៃ ហើយលោកនឹងជួបជាមួយនរណាខ្លះនោះ នៅមិនទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ ខណៈបុគ្គលទាំងបីរូបខាងលើ បានសុំមិនបញ្ចេញអត្តសញ្ញាណរបស់ពួកគេឡើយ ដោយសារតែភាពរសើបខ្លាំងពេក នៃព័ត៌មាននេះ។
ម៉្យាងវិញទៀត បើតាមសារព័ត៌មានជប៉ុន Kyodo រថភ្លើងពិសេសមួយខ្សែ ប្រហែលជាបានដឹកលោក គីម ជុងអ៊ុន ចូលតាមទីក្រុង ដានដុង (Dandong) របស់ប្រទេសចិន នៅភាគឦសានជាប់ព្រំដែនជាមួយកូរ៉េខាងជើង។ ជាមួយគ្នានេះ ឃ្លីបវីដេអូរបស់ស្ថានីយទូរទស្សន៍ជប៉ុន Nippon TV បានបង្ហាញឲ្យឃើញពីរថភ្លើងមួយខ្សែ ធ្វើដំណើរមកដល់ទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទម្សិលមិញ ដែលវាមើលទៅស្រដៀងនឹងរថភ្លើង ដែលឪពុករបស់លោក គីម គឺលោក គីម ជុងអ៊ីល បានប្រើប្រាស់ ដើម្បីមកធ្វើទស្សនកិច្ចជាលើកចុងក្រោយនៅចិន មុនពេលលោកស្លាប់ នៅចុងឆ្នាំ២០១១។
គួរជម្រាបថា ដោយឡែកសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ទំនងជាពុំបានដឹងជាមុន អំពីដំណើរទស្សនកិច្ចរបស់លោក គីម ឡើយ ដោយអ្នកនាំពាក្យមួយរូបរបស់សេតវិមានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោក ពុំបានបញ្ជាក់ឲ្យប្រាកដ ជុំវិញសេចក្តីរាយការណ៍ព័ត៌មាន នៃដំណើរទស្សនកិច្ចនេះឡើយ ហើយក៏មិនដឹងថា វាជាការពិត ឬក៏អត់ដែរ។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យម្នាក់ទៀតរបស់ក្រសួងការបរទេសអាមេរិក បានឆ្លើយតបយ៉ាងខ្លីចំពោះសំណួរទាក់ទិននឹងរឿងនេះថា ឲ្យទៅសួរប្រទេសចិនទៅ៕