(អង់ការ៉ា)៖ រដ្ឋាភិបាលទីក្រុងអង់ការ៉ា បានប្រកាសជាចំហថា តួកគីនឹងមិនចាត់វិធានការណាមួយ ប្រឆាំងនឹងរុស្ស៊ីនោះឡើយ ខណៈដែលសហរដ្ឋអាមេរិក ព្រមទាំងប្រទេសអឺរ៉ុបមួយចំនួន បានសម្រេចបណ្តេញមន្រ្តីទូតរុស្ស៊ី ចេញពីប្រទេសរបស់ខ្លួន ជុំវិញរឿងលួចធ្វើឃាតអតីតមន្ត្រីចារកម្មរុស្ស៊ី នៅក្នុងទឹកដីចក្រភពអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១៨។
ការប្រកាសខាងលើនេះ ត្រូវបានធ្វើឡើងដោយឧបនាយករដ្ឋមន្រ្តីតួកគី លោក ប៊ឺកឺ បូសដេក (Bekir Bozdag) នៅឯសន្និសីទសារព័ត៌មានមួយ ក្រោយពីមានកិច្ចប្រជុំគណៈរដ្ឋមន្រ្តីក្នុងរដ្ឋធានីអង់ការ៉ា។ លោក Bozdag បានសង្កត់ធ្ងន់ថា ទំនាក់ទំនងតួកគី និងរុស្ស៊ី កំពុងស្ថិតក្នុងកម្រិតល្អប្រសើរ ហើយតួកគីនឹងមិនចាត់វិធានការណាមួយ ប្រឆាំងនឹងរុស្ស៊ីឡើយ។
គួរជម្រាបថា ប្រទេសយ៉ាងតិចចំនួន ១៩រួមមាន សហរដ្ឋអាមេរិក កាណាដា និងសមាជិកចំនួន ១៥ ក្នុងចំណោម ២៧ របស់សហភាពអឺរ៉ុប ព្រមទាំងអ៊ុយក្រែន រួមជាមួយអាល់បានី (Albania) បានប្រកាសកាលពីយប់ថ្ងៃចន្ទម្សិលមិញថា នឹងបណ្តេញមន្រ្តីទូតរុស្ស៊ីចេញពីប្រទេស ជុំវិញករណីបំពុលអតីតភ្នាក់ងារចារកិច្ចម្នាក់របស់រុស្ស៊ី នៅក្នុងទឹកដីអង់គ្លេស ដោយរដ្ឋាភិបាលទីក្រុងម៉ូស្គូ បានរងការចោទប្រកាន់ថា ជាអ្នកនៅពីក្រោយខ្នងរឿងនេះ។ ដោយឡែកសម្រាប់អង់គ្លេសវិញ ក៏បានបណ្តេញទូតរុស្ស៊ីមួយចំនួន ប្រចាំនៅទីក្រុងឡុងដ៍ ឲ្យវិលត្រឡប់ទៅដល់ស្រុកវិញរួចមកហើយដែរ៕