(ម៉ូស្គូ)៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA នៅថ្ងៃចន្ទនេះ បានរាយការណ៍ថា រុស្ស៊ីនឹងចាត់វិធានការសងសឹកចំពោះការបណ្ដេញមន្ត្រី ទូតរបស់ខ្លួន ដោយបណ្ដាប្រទេសជាសមាជិសហភាពអឺរ៉ុប នៅក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែមីនា ឆ្នាំ២០១៨។

សារព័ត៌មាន RIA ផ្អែកលើប្រភពពីក្រសួងការបរទេសរុស្ស៊ី បានគូសបញ្ជាក់ដូច្នេះថា៖ «ការឆ្លើយតបវិញនឹងត្រួវធ្វើឡើងជាលក្ខណៈស៊ីមេទ្រី ហើយយើងនឹងធ្វើ ការងារនេះ នៅប៉ុន្មានថ្ងៃខាងមុខទៀតដោយឆ្លើយតបទៅនឹងប្រទេសទាំងអស់ម្ដងមួយៗ»។

គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះ សហរដ្ឋអាមេរិកបានប្រកាសបណ្ដេញមន្ត្រីទូតរុស្ស៊ី ៦០នាក់ចេញពីប្រទេស ហើយប្រទេសចំនួន១៤ ជាសមាជិកអឺរ៉ុប បូករួមទាំងកាណាដា ក៏បានប្រកាសរៀងៗខ្លួនថា នឹងបណ្ដេញមន្ត្រីទូតរស្ស៊ីចេញពីប្រទេសផង ពាក់ព័ន្ធនឹងការ បំពុលសម្លាប់អតីតចារកិច្ចរុស្ស៊ី លោក Sergei Skripal និងកូនស្រីរបស់លោកឈ្មោះ Yulia នៅក្នុង ទីក្រុង Salisbury ប្រទេសអង់គ្លេស កាលពីថ្ងៃទី០៤ ខែមីនាកន្លងទៅ៕