(ប៊ែរឡាំង)៖ ប្រទេសជាសមាជិកសហភាពអឺរ៉ុបចំនួន១៤ បានប្រកាសថាខ្លួននឹងបណ្ដេញមន្ត្រីទូតរុស្ស៊ីចេញពីប្រទេស ដែលនេះគឺ ជាផ្នែកមួយនៃការចូលរួមជាមួយអង់គ្លេស និងសហរដ្ឋអាមេរិក ក្នុងការធ្វើសង្រ្គាមការទូតបណ្ដេញមន្ត្រីទូតរុស្ស៊ី ចេញពីប្រទេស សម្រាប់ការមិនធ្វើការបកស្រាយទាក់ទិននឹងការបំពុលសម្លាប់អតីតចារកិច្ចរុស្ស៊ីម្នាក់នៅលើទឹកដីអង់គ្លេស។ នេះបើ តាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅយប់ថ្ងៃចន្ទ ទី២៦ ខែមីនា ឆ្នាំ២០១៨។
ការសម្រេចចិត្តបែបនេះ ធ្វើឡើងស្របពេលសហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ ក៏បានប្រកាសបណ្ដេញមន្ត្រីទូតរុស្ស៊ី៦០នាក់ចេញពី ប្រទេសផងដែរ។ លើសពីនេះទៅទៀត ប្រទេសប៉ូឡូញ លីតទុយអានី អ៊ុយក្រែន បារាំង និយាយជារួមគឺ ប្រទេសជាសមាជិក សហភាពអឺរ៉ុបចំនួន១៤ សុទ្ធតែបានសម្រេចចិតបណ្ដេញមន្ត្រីទូតរុស្ស៊ី ជាការឆ្លើយតបនឹងសំណុំរឿងពាក់ព័ន្ធនឹងការបំពុលសម្លាប់ អតីតចារកិច្ចរុស្ស៊ីម្នាក់និងកូនស្រីរបស់លោក នៅក្នុងទីក្រុង Salisbury ប្រទេសអង់គ្លេស។
គួរបញ្ជាក់ថា បារាំង អាល្លឺម៉ង់ និងកាណាដា បានប្រកាសបណ្ដេញមន្ត្រីរុស្ស៊ី០៤នាក់ រីឯអ៊ុយក្រែនបណ្ដេញ១៤នាក់។ លោក Sergei Skripal ជាអតីតចារកិច្ចរុស្ស៊ី និងកូនស្រីរបស់លោកឈ្មោះ Yulia ត្រូវបានគេលួចបំពេលសម្លាប់នៅក្នុងទីក្រុង Salisbury កាលពីថ្ងៃទី០៤ ខែមីនាកន្លងទៅ ហើយរហូតមក ទល់ពេលនេះ អ្នកទាំងពីរនៅតែស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ ប៉ុន្តែរុស្ស៊ីបាន ច្រានចោល រាល់ការចោទប្រកាន់ទាំងឡាយ ព្រមទាំងបានបណ្ដេញមន្រ្តីទូតអង់គ្លេស២៣នាក់ ចេញពីប្រទេសជាការសងសឹក៕