(ប៊ែរឡាំង)៖ សហរដ្ឋអាមេរិកនៅថ្ងៃចន្ទនេះ បានសម្រេចចិត្តបណ្ដេញមន្ត្រីទូតរុស្ស៊ី៦០នាក់ ចេញពីប្រទេស ពាក់ព័ន្ធនឹងករណីបំពុលសម្លាប់អតីតចារកិច្ចរុស្ស៊ី ម្នាក់និងកូនស្រីរបស់លោក នៅក្នុងទីក្រុង Salisbury ប្រទេសអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានបារាំង AFP នៅមុននេះបន្តិចនាថ្ងៃចន្ទ ទី២៦ ខែមីនា ឆ្នាំ២០១៨។
ការសម្រេចចិត្តនេះ កើតមានឡើងបន្ទាប់ពី នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានប្រកាសបណ្ដេញមន្ត្រីទូតរុស្ស៊ី ២៣នាក់ចេញពីប្រទេស ហើយរុស្ស៊ីក៏បានបណ្ដេញមន្ត្រីទូតអង់គ្លេស២៣នាក់ ជាការសងសឹកវិញផងដែរ។ ភាពតានតឹងការទូត រវាងអង់គ្លេស រួមទាំងសម្ព័ន្ធមិត្ត ជាមួយរុស្ស៊ីបានផ្ទុះឡើង ក្រោយទីក្រុងម៉ូស្គូមិនបានធ្វើការបកស្រាយថាតើហេតុអ្វីបានជាសារធាតុ ពុលផលិតដោយរុស្ស៊ី ត្រូវបានប្រើប្រាស់ដើម្បីបំពុលសម្លាប់អតីតចារកិច្ចរុស្ស៊ី លោក Sergei Skripal និងកូនស្រីរបស់លោក ឈ្មោះ Yulia នៅក្នុងទីក្រុង Salisbury នៃទឹកដីអង់គ្លេស។
គួររំលឹកថា លោក Sergei Skripal និងកូនស្រីរបស់លោកឈ្មោះ Yulia ត្រូវបានគេលួចបំពេលសម្លាប់ នៅក្នុងទីក្រុង Salisbury កាលពីថ្ងៃទី០៤ ខែមីនាកន្លងទៅ ហើយរហូតមក ទល់ពេលនេះ អ្នកទាំងពីរនៅតែស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ ប៉ុន្តែរុស្ស៊ីបាន ច្រានចោលរាល់ការចោទប្រកាន់ទាំងឡាយ៕