(ម៉ូស្គូ)៖ ជនរងគ្រោះយ៉ាងតិច ៥៦នាក់ហើយ ត្រូវគេបញ្ជាក់ថា បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យដ៏ធំមួយ ដែលបានកើតមានឡើងនៅឯផ្សារទំនើបមួយកន្លែងក្នុងទីក្រុង ខេមែរ៉ូវ៉ូ (Kemerovo) នៃប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃចន្ទ ទី២៦ ខែមីនា ឆ្នាំ២០១៨។
ជាមួយគ្នានេះ មនុស្សសរុបចំនួន ៤៤នាក់ បានទទួលការព្យាបាល ដោយ ១០នាក់ ក្នុងចំណោមនោះកំពុងបន្តសម្រាកនៅមន្ទីរពេទ្យ ក្នុងទីក្រុង Kemerovo។ ដោយឡែកសម្រាប់អ្នកបាត់ខ្លួនវិញ នៅមិនទាន់ត្រូវបានដឹងច្បាស់ឡើយ ខណៈសេចក្តីរាយការណ៍ពីមុនៗ បានអះអាងថា មនុស្សចំនួនជាង ២០នាក់ បានបាត់ខ្លួន ហើយក្នុងចំណោមជនរងគ្រោះទាំងអស់ (ទាំងស្លាប់ និងរបួស) គឺមានកុមារ ៤១នាក់។
គួរជម្រាបថា មូលហេតុដែលបានបណ្តាលជាគ្រោះអគ្គីភ័យដ៏អាក្រក់នេះ ក៏នៅមិនទាន់ដឹងជាក់លាក់នៅឡើយដែរ ប៉ុន្តែមនុស្ស ០៤នាក់ ត្រូវបានឃាត់ខ្លួន និងសួរចម្លើយ។ ទន្ទឹមនឹងនេះ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានចូលរួមរំលែកទុក្ខដ៏ក្រៀកក្រំនេះ ជាមួយក្រុមគ្រួសារសាច់ញាតិ និងមិត្តភក្តិរបស់ជនរងគ្រោះ ហើយបានបង្គាប់ឲ្យអាជ្ញាធរពាក់ព័ន្ធទាំងឡាយ ខិតខំប្រឹងប្រែងជួយឲ្យអស់ពីលទ្ធភាពតាមអាចធ្វើទៅបាន៕