(អាមេរិក)៖ ពិតជាថ្ងៃដ៏រីករាយមួយ សម្រាប់អង្គការ NASA ដែលត្រូវប្រារព្ធខួប ២,០០០ថ្ងៃ ជូនដល់យានរុករកភពអង្គារ Curiosity ដែលបានបំពេញបេសកកម្មរបស់វា ក្រោយពីបានចុះចតលើភពក្រហមនោះដំបូង កាលពីឆ្នាំ២០១២។ នេះបើតាមការចេញផ្សាយដោយ Space.com នារសៀលថ្ងៃចន្ទ ទី២៦ ខែមីនា ឆ្នាំ២០១៨។
សម្រាប់រយៈពេល ២,០០០ថ្ងៃ ខាងលើនេះ គឺគិតតាមពេលវេលា នៃភពអង្គារប៉ុណ្ណោះ ប៉ុន្តែវាមិនសូវខុសជាមួយផែនដីនោះឡើយ ដោយនៅលើភពអង្គារមួយថ្ងៃវាស្នើនឹងជាង ២៣ម៉ោង នៃពេលវេលាលើផែនដី។ ដើម្បីអបអរថ្ងៃខួបដ៏ពិសេសនេះ អង្គការ NASA បានបញ្ចេញរូបភាពមួយ ដែល Curiosity ជាអ្នកថតបាន កាលពីខែមករា ឆ្នាំ២០១៨ (ថ្ងៃទី ១,៩៣១ នៅលើភពអង្គារ) ដែលបង្ហាញពីតំបន់ភ្នំ Mount Sharp ដែលមានដាននៃទឹក អាចជាសញ្ញាបញ្ជាក់ថា តំបន់នេះធ្លាប់មានវត្តមានទឹក កាលពីរាប់ពាន់លានឆ្នាំមុន។
សម្រាប់តំបន់ភ្នំ Mount Sharp ខាងលើនេះ គឺយាន Curiosity បានព្យាយាមវាឡើង តាំងតែពីខែកញ្ញា ឆ្នាំ២០១៤ មកម្ល៉េះ ហើយសម្រាប់តំបន់ចំណុចកណ្តាល នៃរូបភាពខាងលើនេះ គឺជាជំហានធំបន្ទាប់របស់ Curiosity ដែលត្រូវទៅឲ្យដល់ ព្រោះវានឹងអាចឲ្យក្រុមអ្នកវិទ្យាសាស្ត្រ ទម្លាយអាថ៌កំបាំងបន្ថែមទៀត អំពីភពព្រះអង្គារ តាមរយៈការវិភាគសារធាតុរ៉ែសំខាន់ ដែលស្ថិតនៅក្នុងកំហូងនោះ។
គួរបញ្ជាក់ថា តំបន់កំហូងដីបែបនេះ គឺត្រូវការទឹកទើបអាចបង្កើតឡើងបាន ហើយអ្នកវិទ្យាសាស្ត្របានដឹងរួចមកហើយថា តំបន់ក្រោមៗ នៃភ្នំ Mount Sharp គឺជាអតីតផ្ទៃបាតបឹងក្រោមបំផុត នៃតំបន់បឹងយក្ស Gale Crater ដែលយាន Curiosity បានធ្វើការចុះចតកាលពីខែសីហា ឆ្នាំ២០១២។
ចំណុចសំខាន់៖ កាលពីឆ្នាំ២០១៣ បេសកកម្មរបស់យានខាងលើនេះ បានរកឃើញភស្តុតាងនៃវត្តមានទឹក កាលពីអតីតកាល ដែលជាបឹងផ្ទុកទឹកធម្មជាតិ ដែលវាអាចជាសញ្ញាគ្រប់គ្រាន់ថា ជីវិតអាចធ្លាប់កើតមាននៅក្នុងបឹងនេះ។ ចាប់តាំងពីឆ្នាំ២០១៤ តមកទៀត Curiosity នៅតែព្យាយាមធ្វើការបកស្រាយចម្ងល់ ដើម្បីឲ្យយើងអាចយល់ដឹងពីបរិស្ថាន ដូចជាទឹក និងខ្យល់ ដែលអាចផ្តល់ព័ត៌មានបន្ថែម ពីអតីតកាលរបស់ភពអង្គារបាន៕