(សាន់ហ្រ្វាន់ស៊ីស្កូ)៖ ស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Facebook លោក ម៉ាក ហ្សាក់ខឺប៊ឺហ្គ (Mark Zuckerberg) បានធ្វើការសូមអភ័យទោសចំពោះអ្នកប្រើប្រាស់ តាមរយៈអត្ថបទមួយទំព័រពេញមួយ ដែលចុះផ្សាយនៅតាមសារព័ត៌មានអង់គ្លេស និងអាមេរិកមួយចំនួនជុំវិញរឿងអាស្រូវបែកធ្លាយទិន្នន័យអ្នកប្រើប្រាស់ ដែលកំពុងបណ្តាលឲ្យបណ្តាញសង្គមធំជាងគេបង្អស់នេះ ស្ថិតក្រោមសម្ពាធយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៦ ខែមីនា ឆ្នាំ២០១៨។
អត្ថបទសុំទោស និងទទួលកំហុសរបស់ Facebook ត្រូវបានចុះផ្សាយនៅលើបណ្តាញសារព័ត៌មាន របស់ចក្រភពអង់គ្លេស ដូចជា Observer, Sunday Times, Mail on Sunday (Daily Mail), Sunday Mirror, និង Sunday Express ព្រមទាំងកាសែតអាមេរិក ដូចជា New York Times, Washington Post, និង Wall Street Journal។
គួរជម្រាបថា ការសុំទោសរបស់ លោក Zuckerberg ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Facebook បានទទួលរងការរិះគន់យ៉ាងចាស់ដៃ ដោយសារភាពបរាជ័យ មិនអាចការពារទិន្នន័យផ្ទាល់ខ្លួន របស់អ្នកប្រើប្រាស់ជាង ៥០លាននាក់ ដែលត្រូវបានប្រើប្រាស់ ដោយពុំសមរម្យពីសំណាក់ក្រុមហ៊ុនវិភាគទិន្នន័យ Cambridge Analytica ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ក្នុងសកម្មភាពផ្សេងៗពាក់ព័ន្ធនឹងយុទ្ធនាការឃោសនារកសំឡេងឆ្នោត កាលពីឆ្នាំ២០១៦ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕