​(វ៉ាស៊ីនតោន)៖ តារាភាពយន្តស្រើបស្រាលអាមេរិក នាង ស្តរមី ដានីញែល (Stormy Daniels) ដែលត្រូវបាន​ប្រព័ន្ធផ្សព្វផ្សាយ​អាមេរិកជាច្រើន​ចុះផ្សាយថា ធ្លាប់មាន ទំនាក់ទំនងផ្លូវភេទ​ជាមួយ​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញ​ខ្លួនជាថ្មីនៅក្នុង​បទសម្ភាសន៍មួយ ដើម្បីរៀបរាប់​ពីរឿងរ៉ាវ​របស់ខ្លួនតែម្តង។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៦ ខែមីនា ឆ្នាំ២០១៨។

នៅក្នុងបទ​សម្ភាសន៍កាលពី​ថ្ងៃអាទិត្យ នាង Daniels មាន​ឈ្មោះដើម ស្ទេហ្វានី គ្លីហ្វហ្វដ (Stephanie Clifford) នៅតែអះអាង​ដដែលថា នាងធ្លាប់រួមដំណេកគ្នាមួយលោក ត្រាំ កាលពី​ខែកក្កដា ឆ្នាំ២០០៦ ប៉ុន្តែតាំងពី​នោះមក អ្នកទាំងពីរមិនដែលរួមដំណេកទៀតទេ។ តារាសិច​រូបនេះបន្ថែមថា នាងធ្លាប់មានអារម្មណ៍​ភ័យខ្លាចពាក់ព័ន្ធ​ នឹងរឿងអាស្រូវនេះ កាលពី​ឆ្នាំ២០១១ បន្ទាប់ពីនាង​បាននិយាយពីរឿង​នេះ ប្រាប់​សារព័ត៌មាន​អាមេរិកដ៏ល្បីមួយ​ជាថ្នូរ​នឹង​ប្រាក់ ១៥,០០០ដុល្លារ។

មិនតែ​ប៉ុណ្ណោះ នាង Daniels ក៏បានអះអាង​ដែរថា នាង​ធ្លាប់ត្រូវបាន​គេគំរាមកំហែង​ផងដែរ។ «ទុកឱ្យ​លោក ត្រាំ នៅម្នាក់ឯង ហើយបំភ្លេច​រឿងដែលបាន​កើតឡើង»។ នេះជាការលើក​ឡើងរបស់​នាង Daniels ដោយរំលឹកថា បុរសម្នាក់បាន​សម្លឹងមើល កូនស្រី​របស់នាង និងនិយាយយ៉ាង​ដូច្នេះថា «នាងជាក្មេងស្រីដ៏ស្អាតម្នាក់ ​ហើយវាគឺជា​រឿងឈឺចាប់បំផុត បើសិនជា​មានរឿងអ្វី​មួយកើត ឡើងលើម្ដាយ​របស់នាង»

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក នាង Daniels ធ្លាប់បានទទួលប្រាក់ ១៣០,០០០ដុល្លារ ក្នុងមួយសប្ដាហ៍ មុននឹង​ការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ ចូលមកដល់ ជាថ្នូរនឹងការបិទមាត់មិនគាស់កកាយរឿងអាស្រូវជាមួយ លោកត្រាំ។ ប៉ុន្តែមេធាវី​របស់ប្រធានាធិបតី​អាមេរិករូបនេះ​ បានបដិសេធថា លោក ត្រាំ មិនដែលមានទំនាក់ទំនងជាមួយនាង Stormy Daniels នោះទេ៕