(ណៃពិដោ)៖ សភានៃសហភាពមីយ៉ាន់ម៉ា នឹងរៀបចំការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃពុធសប្ដាហ៍នេះ ដើម្បីបំពេញតំណែងប្រធានាធិបតីនៅទំនេរ បន្ទាប់ពីលោក យូ ហាធីន ក្យរ (U Htin Kyaw) ប្រកាសលាលែងពីមុខតំណែង កាលពីសប្ដាហ៍មុន។ នេះបើតាមប្រភពពីសភាមីយ៉ាន់ម៉ា ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៦ ខែមីនា ឆ្នាំ២០១៨។
យោងតាមប្រភពខាងលើដដែល ការប្រកាសនេះធ្វើឡើងដោយប្រធានសភាជាន់ខ្ពស់ លោក យូ ម៉ាន់ វីន ខេង ថាន់ (U Mahn Win Khaing Than)។ ការបោះឆ្នោតប្រធានាធិបតី នឹងត្រូវប្រព្រឹត្តទៅដោយមានការចូលរួមពីអនុប្រធានាធិបតីបីរូប ក្នុងនោះរួមមាន លោក យូ ម្យីនត៍ ស្វេ (U Myint Swe), លោក យូ ហេនរី វ៉ាន់ ធីអូ (U Henry Van Thio) និង លោក យូ វីន ម្យីនត៍ (U Win Myint)។ សម្រាប់ លោក U Win Myint ត្រូវបានសភាបោះឆ្នោតផ្ដល់ទំនុកចិត្ត ឱ្យកាន់តំណែង ជាអនុប្រធានាធិបតីកាលពីសប្ដាហ៍មុន។
លោក U Win Myint មកពីគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (LND) គឺជាអតីតប្រធានសភាជាន់ទាបមីយ៉ាន់ម៉ា ប៉ុន្តែលោកបានសុំលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី។ ទន្ទឹមគ្នានោះដែរ មួយថ្ងៃបន្ទាប់ពីការលាលែង នេះ អនុប្រធានរបស់លោក គឺលោក យូ ធី ឃុន ម្យ៉ាត (U T Khun Myat) បានជាប់ឆ្នោតជាប្រធានសភាជាន់ទាបថ្មី។
គួរបញ្ជាក់ថា សភាមីយ៉ាន់ម៉ា បានចាប់ផ្ដើមអាណត្តិរបស់ខ្លួនរយៈពេល ០៥ឆ្នាំ កាលពីខែកុម្ភ និងកាលពីខែមេសាសម្រាប់រដ្ឋាភិបាល មីយ៉ាន់ម៉ា ក្រោមការដឹកនាំដោយគណបក្ស NLD ដែលបានឈ្នះឆ្នោតភ្លូកភ្លូកដី នៅក្នុងការបោះឆ្នោតសកលកាលពីខែវិច្ឆិកា ឆ្នាំ២០១៥៕