(ម៉ូស្គូ)៖ ក្រុមហ៊ុនផលិត​ប្រេងឥន្ទនៈ​​​ឈ្មោះថា TVEL របស់រដ្ឋាភិបាល​រុស្ស៊ី កំពុងរៀបចំ​ដាក់ចេញឥន្ទនៈ​ប្រភេទថ្មីរបស់ខ្លួន ដែលសម្រាប់ប្រើ​ប្រាស់ក្នុង​ស្ថានីយថាមពល​នុយក្លេអ៊ែរ ទៅកាន់​ទីផ្សារ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី២៦ ខែមីនា ឆ្នាំ២០១៨។

លោកស្រី ណាតាលៀ នីគីប៉េឡូវ៉ា (Natalia Nikipelova) ដែលជាអគ្គនាយកក្រុមហ៊ុន TVEL បានឲ្យដឹងថា ក្រុមហ៊ុនរបស់​លោកស្រី កំពុងអភិវឌ្ឍន៍​ប្រេងឥន្ទនៈប្រភេទ​ថ្មីមួយ​ចំនួន ហើយក្នុងចំណោម​នោះមានប្រភេទឥន្ទនៈ​ ដែលគេហៅថា Accident Tolerant Fuel ជាប្រេងឥន្ទនៈជំនាន់ថ្មី ប្រើ​ប្រាស់​ដើម្បី​ជួយ​​ឲ្យស្ថានីយថាមពល​មិនត្រូការ​ចំណាយថវិកាច្រើនដូចមុន ដើម្បីមើលថែទាំ និងមិនងាយ​នឹងជួបឧបទ្ទវហេតុ​ថែមទៀត។

លោកស្រី Nikipelova បានបង្ហាញ​ជំនឿចិត្តថា ប្រេងឥន្ទនៈនេះ នឹងអាចត្រូវ​នាំយកទៅប្រកួត​ប្រជែងក្នុងទីផ្សារ នៅចុងឆ្នាំ២០១៩។ បើតាមលោកស្រី Nikipelova អតិថិជនមួយចំនួននៅសហរដ្ឋអាមេរិក ក៏បានបង្ហាញ​ចំណាប់អារម្មណ៍​របស់ពួកគេ​រួចស្រេច​ទៅ​ហើយ មកលើប្រេង​ឥន្ទនៈនេះ៕ ​