(ម៉ូស្គូ)៖ រុស្ស៊ីបានបញ្ចប់ជាស្ថាពរ នូវការដំឡើងយន្តហោះដឹកអ្នកដំណើរធុន MC-21 ទី ២ របស់ខ្លួនហើយនៅឯរោងចក្រ អៀរគូតក៍ (Irkutsk) ខណៈការហោះហើរសាកល្បងរបស់វា នឹងប្រព្រឹត្តទៅនាខែឧសភាខាងមុខ ស្ថិតនៅក្នុងគោលដៅទាក់ទាញអតិថិជន ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនយក្សធំចំនួនពីរ របស់សហរដ្ឋអាមេរិក និងប្រទេសបារាំង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី២៦ ខែមីនា ឆ្នាំ២០១៨។
បើតាមអ្នកនាំពាក្យរោងចក្រ Irkutsk កាលពីថ្ងៃអាទិត្យម្សិលមិញនេះ យន្តហោះខាងលើ ត្រូវបានបញ្ជូនទៅឲ្យក្រុមជំនាញធ្វើតេស្តហោះហើរ ដើម្បីចាប់ផ្តើមអនុវត្តន៍ការធ្វើតេស្តនៅលើដីផ្ទាល់ នាខែមេសា ខណៈការធ្វើតេស្តហោះហើរ នឹងប្រព្រឹត្តទៅនាខែឧសភា។
ជុំវិញរឿងនេះ ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី លោក Dmitri Rogozina ធ្លាប់បានបញ្ជាក់ម្តងរួចមកហើយថា យន្តហោះ MC-21-300 ទីមួយបានឆ្លងកាត់ការធ្វើតេស្តហោះហើរចំនួន ៣៣លើក រួចមកហើយ ដោយយន្តហោះទីពីរ នឹងចូលរួមក្នុងការធ្វើតេស្តជាមួយគ្នា នាពេលឆាប់ៗ។
គួរជម្រាបថា MC-21 គឺជាយន្តហោះដឹកអ្នកដំណើរប្រភេទថ្មីរបស់ប្រទេសរុស្ស៊ី ដែលមានសមត្ថភាពផ្ទុកអ្នកដំណើរពី ១៣០នាក់ ទៅ ២២០នាក់ ដោយយោងទៅតាមស៊េរីរបស់វា រួមមាន MC-21-200 និង MC-21-300 ហើយបានហោះហើរឥតឈប់បានជម្ងាយ ៦,០០០គីឡូម៉ែត្រ។ យន្តហោះដឹកអ្នកដំណើរនេះត្រូវគេរំពឹងថា នឹងក្លាយជាគូប្រជែងក្នុងទីផ្សាររបស់យន្តហោះ Boeing-737 និង Airbus A-320៕