(ម៉ូស្គូ)៖ អាជ្ញាធររុស្ស៊ីនៅថ្ងៃចន្ទនេះបានឱ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងគ្រោះអគ្គីភ័យមួយ ដែលបានឆាបឆេះផ្សារទំនើបមួយកន្លែង នៅក្នុងទីក្រុង គេមែរ៉ូវ៉ូ (Kemerovo) នៃតំបន់ស៊ីបេរីបានកើនដល់ ៤៨នាក់ហើយ ដោយវាត្រូវបានចាត់ទុកជាសោកនាដកម្ម ដ៏អាក្រក់បំផុត នាដើមឆ្នាំ២០១៨ នេះតែម្តង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី២៦ ខែមីនា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី មនុស្ស ២៤នាក់នៅបន្តបាត់ខ្លួន ខណៈកុមារ ៤១នាក់ មានអាយុចន្លោះពី ០២ឆ្នាំ ដល់ ១៧ឆ្នាំ ត្រូវគេជឿជាក់ថា ស្ថិតនៅក្នុងចំណោមជនរគ្រោះទាំងអស់ ក្នុងករណីអគ្គីភ័យផ្ទុះឡើង កាលពីថ្ងៃអាទិត្យ ដែលបានឆាបឆេះដំបូងចេញពីជាន់ខាងលើ នៃផ្សារទំនើប វីនធើ ឈើរី (Winter Cherry)។ បន្ថែមពីលើនេះ ក្រុមអ្នកពន្លត់អគ្គីភ័យ ក៏បានបញ្ជាក់ដែរថា ភាគច្រើននៃជនរងគ្រោះគឺកំពុងស្ថិតនៅក្នុងរោងកុន។
គួរបញ្ជាក់ថា មូលហេតុនៃអគ្គីភ័យនេះ មិនទាន់ត្រូវបានគេកំណត់នៅឡើយទេ រីឯអាជ្ញាធរក៏កំពុងធ្វើការស៊ើបអង្កេតនៅឡើយដែរ ខណៈអ្នកពន្លត់អគ្គិភ័យជាង ៦៦០នាក់ កំពុងបំពេញប្រតិបត្តិការជួយសង្រ្គោះរបស់ពួកគេ។ ទីក្រុង Kemerovo ស្ថិតនៅចំងាយ ៣,៦០០គីឡូម៉ែត្រ ពីភាគខាងកើតទីក្រុងម៉ូស្គូ៕