បណ្តាញសង្គមរុស្ស៊ី Telegram មានអ្នកប្រើប្រាស់ជាប្រចាំកើនដល់ ២០០លាននាក់ ដោយសារការធានាសុវត្ថិភាពខ្ពស់ ដល់អ្នកប្រើប្រាស់!
26-03-2018 11:47
(ម៉ូស្គូ)៖ បណ្ដាញទំនាក់ទំនងសង្គមរុស្ស៊ី Telegram បានអះអាងថា ក្នុងរយៈពេល ៣០ថ្ងៃ ចុងក្រោយនេះ អ្នកប្រើប្រាស់ជាប្រចាំរបស់ខ្លួន (ដោនឡូកកម្មវិធីនេះ យកមកប្រើប្រាស់) បានកើនឡើងដល់ ២០០,០០០,០០០នាក់ ហើយដែលតួលេខនេះ ស្មើនឹងចំនួនប្រជាជនច្រើនជាងគេបំផុតលំដាប់ទី ៦ បើសិនជា Telegram ជាប្រទេសមួយ។ នេះបើតាមការប្រកាសព័ត៌មាន ដោយផ្ទាល់ដល់អតិថិជនទូទៅ របស់បណ្តាញសង្គមដ៏ពេញនិយម លើលោកមួយនេះ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមីនា ឆ្នាំ២០១៨។
ថ្លែងនៅលើគេហទំព័ររបស់ខ្លួន Telegram បានលើកឡើងយ៉ាងដូច្នេះថា «យើងមានអ្នកប្រើប្រាស់រហូតដល់ ២០០លាននាក់ ពីព្រោះអ្នកទំាងអស់គ្នាបានប្រាប់មិត្តភក្តិពួកគេ ឱ្យចូលរួមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមរបស់យើង... អ្នកប្រើប្រាស់តែងតែជា អាទិភាពរបស់យើង»។
បណ្ដាញទំនាក់ទំនងសង្គមរុស្ស៊ីមួយនេះបន្ថែម ខណៈ Facebook កំពុងប្រឈមមុខនឹងវិបត្តិលេចធ្លាយទិន្នន័យផ្ទាល់ខ្លួន របស់អ្នកប្រើប្រាស់ទៀតថា «Telegram មិនមានម្ចាស់ភាគហ៊ុន ឬអ្នកផ្សព្វផ្សាយពាណិជ្ជកម្មត្រូវរាយការណ៍នោះទេ ហើយមិន តែប៉ុណ្ណោះ យើងក៏មិនបានចុះកិច្ចព្រមព្រៀងជាមួយអ្នកទីផ្សារណា ឬក៏ទីភ្នាក់ងាររដ្ឋាភិបាលណាមួយដែរ។ ដូច្នេះហើយតាំងពីយើងបង្កើត Telegram កាលពីឆ្នាំ២០១៣មក យើងមិនដែលធ្វើឱ្យទិន្នន័យឯកជន របស់អ្នកប្រើប្រាស់លេចធ្លាយទៅដល់ដៃជន ទីបីសូម្បីតែមួយ byte ក៏ដោយ»។
គួរបញ្ជាក់ថា Telegram គឺជាសេវាកម្មផ្ញើសារមួយដោយមិនយកប្រាក់កំរៃ ដែលអ្នកអាចរកបាននៅលើ App Store ឬ Play Store និង Windows។ បណ្ដាញទំនាក់ទំនងសង្គមមួយនេះ ត្រូវបានបង្កើតឡើងកាលពីខែសីហា ឆ្នាំ២០១៣ ដោយស្ថាបនិកជនជាតិរុស្ស៊ី លោក ផាវែល ឌួរ៉ូវ (Pavel Durov)។ បើតាមតួលេខកាលពីខែធ្នូ ឆ្នាំ២០១៧ អ្នកប្រើប្រាស់ Telegram ទូទាំងពិភពលោកសរុបមានចំនួន ១៨០លាននាក់៕