(ម៉ូស្គូ)៖ អតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក សាអ៊ុល ម៉ូហ្វាស (Shaul Mofaz) បានបង្ហើបអាថ៌បំាងមួយថា អនាគតទីប្រឹក្សាសន្តិសុខជាតិអាមេរិកថ្មី លោក ចន បូលតុន (John Bolton) ធ្លាប់បានព្យាយាមបញ្ចុះបញ្ចូលឱ្យអ៊ីស្រាអែល ប្រើប្រាស់កម្លាំងយោធាវាយប្រហារ លើអ៊ីរ៉ង់ មុននឹងទីក្រុងតេហេរ៉ង់ ផលិតបានអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមីនា ឆ្នាំ២០១៨។
លោក Shaul Mofaz ថ្លែងបែបនេះ នៅក្នុងជំនួបជាមួយអតីតប្រមុខការពារជាតិអ៊ីស្រាអែល នាពេលថ្មីៗនេះ។ ថ្លែងនាឱកាសនោះ ដែរ លោក Mofaz បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានស្គាល់លោក ចន បូលតុន តាំងតែពីគាត់កាន់តំណែងជាអគ្គរដ្ឋទូតអាមេរិក ប្រចាំអង្គការសហប្រជាជាតិ (២០០៥-២០០៦) មកម្លេះ។ គាត់ធ្លាប់បានព្យាយាមបញ្ចុះបញ្ចូលខ្ញុំថា អ៊ីស្រាអែលគួរតែវាយប្រហារ លើអ៊ីរ៉ង់ជាមុន»។ តែទោះជាយ៉ាងនេះក្ដី អតីតរដ្ឋមន្ត្រីការពារជាតិអ៊ីសា្រអែលរូបនេះ អះអាងថា នៅពេលនោះលោកជឿជាក់ថា ការប្រើប្រាស់ជម្រើសយោធា មិនអាចមែនជាការសម្រេចចិត្តដ៏ល្អ សម្រាប់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់នោះទេ។
គួរបញ្ជាក់ថា លោក ចន បូលតុន ត្រូវបានគេរំពឹងថា នឹងឡើងកាន់តំណែងជា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ជំនួសលោក H.R. McMaster នៅថ្ងៃទី០៩ ខែមេសា ខាងមុខនេះ ពោលគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយនាយក CIA លោក ម៉ៃក៍ ប៉ុមផេអូ (Mike Pompeo) ឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាមេរិក ជំនួសលោក រិច ធីល្លឺសុន។ ប៉ុន្តែទន្ទឹមគ្នា ក្រុមអ្នកជំនាញ និងអ្នកនយោបាយអាមេរិក ខ្លះយល់ថា ការតែងតាំងអ្នកទាំងពីរនាក់នេះ ហាក់ដូចជាបង្ហាញថា លោក ត្រាំ បានត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្រ្គាម៕