(រីយ៉ាដ)៖ អាជ្ញាធរ​អារ៉ាប៊ីសាអូឌីត​បានឱ្យដឹងថា មនុស្សម្នាក់បានស្លាប់ និងពីរនាក់​ផ្សេងទៀត​រងរបួស នៅក្នុងការ​វាយប្រហារ ដោយគ្រាប់​មីស៊ីលផ្លោង​មួយគ្រាប់ បាញ់ចេញ​ពីប្រទេសយ៉េមែនដោយក្រុមឧទ្ទាមហ៊ូទី មកលើរដ្ឋធានី​រីយ៉ាដ កាលពីល្ងាច ថ្ងៃអាទិត្យ ប៉ុន្តែកងកម្លាំងសន្តិសុខអះអាងថា មីស៊ីលរហូតដល់ទៅ ០៧គ្រាប់ឯណោះ បានហោះសំដៅ​មកទីក្រុងនេះ តែត្រូវបាន​កម្ទេចទាន់​ពេល។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមីនា ឆ្នាំ២០១៨។

នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់ខ្លួន អ្នកនាំពាក្យអាជ្ញាធរ​ការពារស៊ីវិល បានបញ្ជាក់​ថា មីស៊ីលផ្លោង​មួយគ្រាប់បាន​ធ្លាក់ចំលំនៅដ្ឋាន​មួយខ្នង នៅក្នុងទីក្រុង​រីយ៉ាដ ដោយបណ្ដាយ​ឱ្យមនុស្សម្នាក់​បាត់បង់ជីវិត និងពីរនាក់ផ្សេង​ទៀតរងរបួស ហើយពួកគេ​ទាំងអស់គ្នា សុទ្ធតែជាពលរដ្ឋ​មកពីប្រទេស​អេហ្ស៊ីប។

ព្រមពេលជាមួយគ្នា​នោះដែរ ស្ថានីយ​ទូរទស្សន៍រដ្ឋ​អារ៉ាប៊ីសាអូឌីត បាន​ចេញផ្សាយថា ក្រុមឧទ្ទាមហ៊ូទី នៅក្នុងប្រទេស​យ៉េមែន បានបាញ់គ្រាប់​មីស៊ីលពីរគ្រាប់ តម្រង់មកកាន់​តែក្រុងរីយ៉ាដ ចំណែកឯ​កងកម្លាំង​ទ័ពអាកាស​អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់​បានមីស៊ីលមួយគ្រាប់​ហោះពីលើទីក្រុង​រីយ៉ាដ ហើយមួយគ្រាប់​ទៀតនៅឯទីក្រុង ចាហ្សាន (Jazan) ជាប់ព្រំដែន​ជាមួយយ៉េមែន។

គួរបញ្ជាក់ថា នេះមិនមែន​ជាលើកទីមួយឡើយ​ ដែលក្រុម​ឧទ្ទាម​ហ៊ូទី បាញ់មីស៊ីល​តម្រង់មកកាន់​ទីក្រុងរីយ៉ាដ។ កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៧ កងកម្លាំងទ័ព​អាកាស​អារ៉ាប៊ីសាអូឌីត ក៏ធ្លាប់បាន​បាញ់ទម្លាក់​មីស៊ីល​របស់ក្រុមឧទ្ទាមហ៊ូទី​ គាំទ្រដោយអ៊ីរ៉ង់ នៅឯ អាកាសយានដ្ឋាន​អន្តរជាតិ​រីយ៉ាដ៕