(សេអ៊ូល)៖ ការដែលកូរ៉េខាងជើង យល់ព្រមចរចាជាមួយសហរដ្ឋអាមេរិក គឺគ្រាន់តែល្បិចបង្វែរការចាប់អារម្មណ៍ និងកេងចំណេញពេល វេលាក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួនតែប៉ុណ្ណោះ។ នេះគឺជាការលើកឡើងរបស់អនាគតទីប្រឹក្សាសន្តិសុខជាតិអាមេរិកថ្មី លោក ចន បូលតុន (John Bolton) ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមីនា ឆ្នាំ២០១៨។
លោក John Bolton ជាអតីតអគ្គរដ្ឋទូតអាមេរិក ប្រចាំអង្គការសហប្រជាជាតិ ត្រូវបានលោក ដូណាល់ ត្រាំ តែងតាំងជាទីប្រឹក្សាសន្តិសុខជាតិថ្មី កាលពីសប្ដាហ៍មុន ខណៈលោក ត្រាំ ផ្ទាល់កំពុងត្រៀមខ្លួនជួបជាមួយ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅចុង ខែឧសភាខាងមុខនេះ បើសិនជាគ្មានអ្វីប្រែប្រួលទេនោះ។
ដោយឡែក ជុំវិញសំណុំរឿងកូរ៉េខាងជើងនេះដែរ ថ្លែងនៅក្នុងបទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិក លោក Bolton បានអះអាងថា កូរ៉េខាងជើងយល់ព្រមចរចាជាមួយសហរដ្ឋអាមេរិក គឺគ្រាន់តែ ដើម្បីបង្វែរការចាប់អារម្មណ៍ ដើម្បីអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួនតែប៉ុណ្ណោះ។
លោក Bolton បានលើកឡើងនៅក្នុងបទសម្ភាសន៍ កាលពីថ្ងៃអាទិត្យយ៉ាងដូច្នេះថា «ខ្ញុំគិតថាយើងគួរតែគិតគូរឱ្យបានលម្អិត ចំពោះចេតនាពិតរបស់កូរ៉េខាងជើង... សម្រាប់ខ្ញុំពួកគេកំពុងត្រូវការជាចំាបាច់ គឺធ្វើយ៉ាងណាឱ្យក្បាលគ្រាប់នុយក្លេអ៊ែររបស់ពួកគេអាច បាញ់ដល់សហរដ្ឋអាមេរិក។ ដូច្នេះខ្ញុំយល់ថា ពួកគេកំពុងកេងចំណេញពេលវេលា ដើម្បីអភិវឌ្ឍន៍អាវុធនុយក្លេអ៊េរ ដូចដែលពួកគេធ្លាប់បានធ្វើកាលពី ២៥ឆ្នាំ មុនតែប៉ុណ្ណោះ»។
គួរបញ្ជាក់ថា លោក John Bolton ដែលស្គាល់យ៉ាងច្បាស់ថា ជាអ្នកគំាទ្រការប្រើប្រាស់កម្លាំងយោធា ប្រឆំាងនឹងកូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងឡើងកាន់តំណែងជាទីប្រឹក្សាសន្តិសុខជាតិអាមេរិក ជំនួសលោក ម៉ាកម៉ាស្ទឺរ (H.R. McMaster) ជាផ្លូវការនៅថ្ងៃទី០៩ ខែមេសា ខាងមុខនេះ៕