BREAKING NEWS: គ្រោះរញ្ជួយដី ៦.៤រ៉ិចទ័រ វាយប្រហារឥណ្ឌូណេស៊ី ខណៈមិនទាន់មានការបញ្ជាក់ពីផលប៉ះពាល់!
26-03-2018 09:58
(ហ្សាការតា)៖ គ្រោះរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ បានវាយប្រហារចំដែនសមុទ្រនៃប្រទេសឥណ្ឌូណេស៊ី ប៉ុន្តែពុំបានបង្កឲ្យមានមនុស្សរងគ្រោះ ឬក៏ការបំផ្លិចបំផ្លាញឡើយ ហើយក៏មិនមានការចេញព្រមានពី រលកយក្សស៊ូណាមិដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមីនា ឆ្នាំ២០១៨។
បើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS ចំណុចរំញ័រនៃគ្រោះរញ្ជួយដីខាងលើ បានស្ថិតនៅចម្ងាយប្រមាណ ២១៤គីឡូម៉ែត្រភាគពាយ័ព្យទីក្រុង សមឡាគី (Saumlaki) នៃខេត្ត ម៉ាលូគូ (Maluku) របស់ប្រទេសឥណ្ឌូណេស៊ី ហើយវាមានជម្រៅដល់ទៅ ១៧១គីឡូម៉ែត្រឯណោះ ក្រោមបាតសមុទ្រ និងពុំបានបង្កការគំរាមកំហែងអ្វីឡើយ។
គួរជម្រាបថា ប្រទេសឥណ្ឌូណេស៊ី ងាយនឹងកើតមានគ្រោះរញ្ជួយដី ដោយសារតែប្រទេសអាស៊ានមួយនេះ ស្ថិតនៅចំពីលើតំបន់ខ្សែក្រវាត់ភ្នំភ្លើងប្រចាំមហាសមុទ្រប៉ាស៊ីហ្វិក ដែលគេហៅថា «The Pacific Ring of Fire» ដូចទៅហ្នឹងហ្វីលីពីន និងជប៉ុនដែរ៕