(ម៉ូស្គូ)៖ មនុស្សយ៉ាងហោចណាស់ ៣៧នាក់ ត្រូវបានគេអះអាងថា បានស្លាប់នៅក្នុងគ្រោះអគ្គិភ័យមួយ ដែលបានឆាបឆេះផ្សារ ទំនើបមួយកន្លែងនៅក្នុងទីក្រុង គេមែរ៉ូវ៉ូ (Kemerovo) នៃតំបន់ស៊ីបេរី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមីនា ឆ្នាំ២០១៨។
ជុំវិញអគ្គីភ័យនេះ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ក៏បានរាយការណ៍ដែរថា មនុស្ស ៦៤នាក់ ក្នុងនោះមានកុមារ ៤១នាក់ មានអាយុចន្លោះពី ០២ឆ្នាំ ដល់ ១៧ឆ្នាំ បានបាត់ខ្លួននៅក្នុងគ្រោះអគ្គីភ័យកាលពីថ្ងៃអាទិត្យ ដែលបានឆាបឆេះដំបូងចេញពីជាន់ខាងលើ នៃផ្សារទំនើប វីនធើ ឈើរី (Winter Cherry) ហើយភាគច្រើននៃជនរងគ្រោះ គឺកំពុងស្ថិតនៅក្នុងរោងកុន។
គួរបញ្ជាក់ថា មូលហេតុនៃអគ្គីភ័យនេះ មិនទាន់ត្រូវបានគេកំណត់នៅឡើយទេ ខណៈអាជ្ញាធរកំពុងបើកការស៊ើបអង្កេត។ ទីក្រុង Kemerovo ស្ថិតនៅចំងាយ ៣,៦០០គីឡូម៉ែត្រ ពីភាគខាងកើតទីក្រុងម៉ូស្គូ៕