(ដាម៉ាស់)៖ ជនស៊ីវិលសរុបជាង ១១០,០០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់ ហ្គួតា (Ghouta) ភាគខាងកើតរដ្ឋធានីដាម៉ាស់ នៃប្រទេសស៊ីរី គិតចាប់តាំងពីដើមខែមីនានេះមក ដែលធ្វើឲ្យចំនួនជនភៀសខ្លួនសរុប នៃជនភៀសខ្លួននាតំបន់ខាងលើនេះ កើនឡើងដល់ ១៤០,០០០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី២៦ ខែមីនា ឆ្នាំ២០១៨។
គិតចាប់តាំងពីពាក់កណ្តាលខែមីនា ជនភៀសខ្លួនទាំងអស់ ដែលចាកចេញពីតំបន់ Ghouta ត្រូវបានការពារសន្តិសុខដោយ កងកម្លាំងរដ្ឋាភិបាលស៊ីរី ដើម្បីបង្ការការវាយប្រហារពីក្រុមឧទ្ទាម។ មិនថាតែជនស៊ីវិលនោះទេ ដោយក្រុមឧទ្ទាម និងគ្រួសាររបស់ពួកគេ ក៏បាន និងកំពុងចាកចេញពីទីក្រុងដ៏ធំនេះដែរ ខណៈរដ្ឋាភិបាលស៊ីរី បានទន្ទ្រានគ្រប់គ្រងតំបន់ទាំងមូលបាន ៩០ភាគរយទៅហើយ គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ។
គួរបញ្ជាក់ថា តំបន់ Ghouta ភាគខាងកើត គឺជាទីកន្លែងធ្វើកសិកម្មដ៏ធំមួយ ដែលមានផ្ទៃដី ១០៥គីឡូម៉ែត្រក្រឡា ហើយនៅក្នុងទន្ទ្រានគ្រប់គ្រងនេះ គ្រាប់កាំភ្លើងធំជាច្រើន បានធ្លាក់ស្រោចស្ទើរពាសពេញទីក្រុងទៅហើយ ដែលជាហេតុបង្ខំឲ្យប្រជាជនត្រូវតែជម្លៀសខ្លួនចេញទៅកាន់តំបន់ក្បែរខាង ដែលមានភាពស្ងប់ស្ងាត់។
ដោយឡែកបើតាម ទីភ្នាក់ងារមនុស្សធម៌របស់ UN វិញ ជនស៊ីវិលរងគ្រោះប្រមាណ ៤០០,០០០នាក់ ឯណោះកំពុងតែត្រូវការជំនួយចាំបាច់នៅក្នុងតំបន់ ខណៈដែលមនុស្ស ១,០០០នាក់ ទៅហើយបានស្លាប់ គិតចាប់តាំងពីចុងខែកុម្ភៈ៕