BREAKING NEWS: អតីតមេដឹកនាំតំបន់ កាតាឡូណា ដែលប្រកាសផ្តាច់ខ្លួនចេញពីអេស្ប៉ាញ ត្រូវបានចាប់ខ្លួននៅអាល្លឺម៉ង់
25-03-2018 23:10
(អាឡឺម៉ង់)៖ អតីតមេដឹកនាំតំបន់ កាតាឡូណា លោក Carles Puigdemont ត្រូវបានចាប់ខ្លួន ដោយប៉ូលីសអាឡឺម៉ង់ តាមដីកាចាប់ខ្លួនអឺរ៉ុប នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨នេះ។
លោក Puigdemont ស្ថិតក្រោមការតាមចាប់ខ្លួនរបស់រដ្ឋាភិបាលអេស្ប៉ាញ ពីបទបង្កចលនាបះបោរ ត្រូវបានចាប់ខ្លួននៅពេលធ្វើដំណើរឆ្លងកាត់ដាណឺម៉ាក ទៅកាន់ប៊ែលហ្ស៊ិក នេះបើយោងតាមការលើកឡើងរបស់មេធាវីរបស់លោក។
សូមជម្រាបថា លោកបានរស់នៅ ក្នុងនាមជានិរទេសជននៅប្រទេស ប៊ែលហ្ស៊ិក ចាប់តាំងពីសភា កាតាឡូណា ប្រកាសដោយឯកតោភាគីផ្ដាច់ខ្លួន ចេញពីអេស្ប៉ាញក្នុងខែតុលា ឆ្នាំ២០១៧កន្លងទៅនេះ។ ក្រោមបទចោទប្រកាន់ថា បានបង្កចលនាបះបោរ លោក Puigdemont ត្រូវប្រឈមមុខជាប់ពន្ធធនាគារ នៅអេស្ប៉ាញ ក្នុងរយៈពេល៣០ឆ្នាំ៕