(វ៉ាស៊ីនតោន)៖ ការិយាល័យសហព័ន្ធស៊ើបអង្កេតអាមេរិក (FBI) និងក្រសួងយុត្តិធម៌អាមេរិក បានចាប់ផ្ដើមជាថ្មីនូវកិច្ចពិភាក្សាស្ដីពី បច្ចេកទេស និងឱកាសក្នុងការចូលអាន ក៏ដូចជាប្រើប្រាស់ទិន្នន័យឯកជននៅក្នុងទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិចដទៃទៀត របស់អ្នកប្រើប្រាស់។ នេះបើតាមការចេញការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី២៥ ខែមីនា ឆ្នាំ២០១៨។
Sputnik ផ្អែកលើចុះផ្សាយរបស់កាសែតអាមេរិក New York Times បានឱ្យដឹងថា ក្រុមមន្ត្រីនៃស្ថាប័នអាមេរិកខាងលើទាំងពីរ បានជួបប្រជុំជាមួយអ្នកជំនាញព័ត៌មានវិទ្យា ក្នុងគោលបំណងពិភាក្សាគ្នាថាតើត្រូវធ្វើយ៉ាងដូចម្ដចដើម្បីអាចតម្លើងកម្មវិធី ដែលអាច អនុញ្ញាតឱ្យអាជ្ញាធរអាមេរិកចូលអាន និងប្រើប្រាស់ទិន្នន័យឯកជនក្នុងទូរស័ព្ទដៃ ឬឧបករណ៍អេឡិចត្រូនិច របស់អ្នកប្រើប្រាស់។
លើសពីនេះទៅទៀត បើទោះជាមិនបានបញ្ជាក់ច្បាស់កាលរិច្ឆេកនៃកិច្ចពិភាក្សានេះក៏ដោយ New York Times ផ្អែកលើប្រភព ដែលខ្លួនទទួលបាន បានគូសបញ្ជាក់ថាក្រោយកិច្ចពិភាក្សា ក្រុមមន្ត្រី FBI និងក្រសួងយុត្តិធម៌អាមេរិក បានព្រមព្រៀងគ្នាថា យន្ដការណ៍មួយនឹងត្រូវបានបង្កើតឡើង ហើយថែមទាំងអះអាងថាវានឹងមិនធ្វើឱ្យទូរស័ព្ទដៃស្មាតហ្វូន ប្រឈមមុខនឹងហានិភ័យ ពីពួក Hackers នោះឡើយ។
គួរបញ្ជាក់ថា បើតាម New York Times ក្រុមមន្ត្រី FBI និងក្រសួងយុត្តិធម៌អាមេរិក ក៏កំពុងពិភាក្សាគ្នាផងដែរជាមួយក្រសួង អាមេរិជាច្រើនទៀត ទាក់ទិននឹងការស្នើឱ្យសភាអាមេរិកអនុម័តលើច្បាប់ ដែលអនុញ្ញាតឱ្យសេវាកម្មស៊ើបការសំងាត់អាមេរិក ប្រមូល និងប្រើទិន្នន័យពីទូរស័ព្ទដៃ៕