(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង និងសមភាគីតួកគី លោក រីស៊ីប តាយយ៉ីប អឺដូហ្កាន់ (Recep Tayyip Erdogan) បានបង្ហាញពីការយល់ឃើញដូចគា្ន លើភាពចាំបាច់នៃការបន្តកិច្ចសន្ទនាឱ្យបានកាន់តែជិតស្និទក្នុងគោល បំណងបញ្ចប់ជម្លោះនៅក្នុងប្រទេសស៊ីរី។ នេះបើតាមសេចក្ដីថ្លែងការណ៍ពីវិមានប្រធានាធិបតីបារាំង ដកស្រង់ដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី២៥ ខែមីនា ឆ្នាំ២០១៨។
យោងតាមវិមានប្រធានាធិបតីបារាំង ការឯកភាពគ្នានេះ កើតមានឡើងនៅអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទ រវាងលោក ម៉ាក្រុង និងលោក អឺដូហ្កាន់ កាលពីថ្ងៃសុក្រ។ «មេដឹកនាំទាំងពីរ បានបង្ហាញពីការយល់ឃើញដូចគ្នាលើភាពចាំបាច់ នៃការបន្តកិច្ចសន្ទនា ឱ្យបានកាន់តែជិតស្និទ ក្នុងគោលបំណងបញ្ចប់ជម្លោះនៅក្នុងប្រទេសស៊ីរី...ហើយមិនតែប៉ុណ្ណោះ លោកប្រធានាធិបតីម៉ាក្រុងក៏បាន បញ្ជាក់ផងដែរពីសារៈសំខាន់នៃភាពជាដៃគូជាមួយតួកគី ជាពិសេសពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងពួកភេរវករ និងចូលរួមដោះ ស្រាយបញ្ហាជាច្រើននៅក្នុងតំបន់»។ នេះបើតាមសេចក្ដីថ្លែងការណ៍ពីវិមានប្រធានាធិបតីបារាំង។
គួរបញ្ជាក់ថា បារាំង និងតួកគី មួយរយៈពេលចុងក្រោយនេះ មានការខ្វែងគំនិតគ្នាជាច្រើន បន្ទាប់ពីតួកគី បើកប្រតិបត្តិការយោធា កាលពីខែមករាកន្លងទៅ ដើម្បីបោសសំអាតក្រុមឧទ្ទាមឃើដ YPG នៅក្នុងទីក្រុង Afrin ប្រទេសស៊ីរី ស្ថិតនៅក្បែរព្រំដែនតួកគី។ ចំណែកឯ លោកម៉ាក្រុង ក៏ធ្លាប់ព្រមានដែរថាប្រតិបត្តិការយោធានេះ នឹងបង្កហានិភ័យនៃសង្រ្គាម ក៏ដូចជាធ្វើឱ្យប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់អធិបតេយ្យភាពស៊ីរី ខណៈកងទ័ពតួកគីត្រូវបានគេរាយការណ៍ថាបានចូលទៅក្នុងទីក្រុង Afrin ហើយ៕