(ទ្រីប៉ូលី)៖ ក្រុមបេសកកម្ម នៃអង្គការសហប្រជាជាតិប្រចាំនៅលីប៊ី ហៅកាត់ថា UNSMIL បានបើកកិច្ចពិភាក្សាគ្នាជាមួយរដ្ឋាភិបាលលីប៊ី នៅក្នុងទីក្រុង ទុយនីស (Tunis) នៃប្រទេសទុយនេស៊ី អំពីផែនការយុទ្ធសាស្រ្ត ដើម្បីផ្តល់ការគាំទ្រដល់វិស័យសេដ្ឋកិច្ច និងសង្គមកិច្ច នៅក្នុងប្រទេសលីប៊ី សម្រាប់រយៈពេល ០២ឆ្នាំបន្ទាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសៅរ៍ ទី២៤ ខែមីនា ឆ្នាំ២០១៨។
នៅក្នុងសេចក្តីថ្លែងការណ៍របស់បេសកកម្ម UNSMIL បានឲ្យដឹងថា រដ្ឋាភិបាលលីប៊ី និងអង្គការសហប្រជាជាតិ (UN) បានពិគ្រោះយោបល់គ្នា អំពីមធ្យោបាយថ្មីនាពេលអនាគត ដើម្បីបន្តជួយគាំទ្រដល់ប្រទេសលីប៊ី នៅក្រោមក្របខណ្ឌយុទ្ធសាស្រ្ត UN សម្រាប់អំឡុងឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ និងកម្មវិធីចាំបាច់នានារបស់អង្គការ UNDP, UNFPA, និង UNICEF។ ក្របខណ្ឌថ្មីនេះ បង្កើតឡើងនូវភាពជាដៃគូថ្មីរវាង UN និងរដ្ឋាភិបាលលីប៊ី ហើយសំដៅឆ្ពោះលើគន្លងប្រកបដោយនិរន្តរភាព ដើម្បីសម្រេចឲ្យបានការអភិវឌ្ឍ វិបុលភាព សន្តិភាព និងសន្តិសុខ នៅក្នុងប្រទេស។
គួរជម្រាបថា ប្រទេសលីប៊ី បាននិងកំពុងបន្តប្រឈមមុខចំពោះវិបត្តិនយោបាយ ព្រមទាំងសេដ្ឋកិច្ចជាច្រើន រួមមានការបំពេញតម្រូវការមនុស្សធម៌ និងការបង្កើតការងារផ្តល់ជូនប្រជាជនជាដើម បើទោះបីជាបច្ចុប្បន្ន រដ្ឋាភិបាលប្រទេសនេះមានចំនួនពីរភាគី គឺទ្រីប៉ូលី និងប៊ែងហ្គាស៊ីក៏ដោយ៕