(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំង បានទទូចស្នើឲ្យសហរដ្ឋអាមេរិក បញ្ឈប់នូវអ្វីដែលខ្លួនបានចាត់ទុកថា ជាសកម្មភាពបង្កហេតុ នៅដែនសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី២៤ ខែមីនា ឆ្នាំ២០១៨។
រដ្ឋាភិបាលចិនបានលើកឡើងថា សកម្មភាពដដែលៗ ដូចជាការបញ្ជូននាវាចម្បាំង មកកាន់តំបន់សមុទ្រចិនខាងត្បូង គឺកំពុងបំផ្លិចបំផ្លាញសុខសន្តិភាព ព្រមទាំងស្ថិរភាពនៅក្នុងតំបន់ ហើយប៉ពាល់ជាខ្លាំងដល់ទំនាក់ទំនងទ្វេភាគី។ ប្រទេសចិន បានសម្តែងការជំទាស់ប្រឆាំងនឹងសហរដ្ឋអាមេរិក បន្ទាប់ពីនាវាពិឃាតអាមេរិក Mustin បានធ្វើដំណើរមកក្បែរប្រជុំកោះមានជម្លោះ ដែលស្ថិតក្នុងតំបន់សមុទ្រចិនខាងត្បូង។
គួរជម្រាបថា តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសចិន ទីក្រុងប៉េកាំង បានទាមទារឲ្យអាមេរិក បញ្ចប់សកម្មភាពបង្កហេតុទាំងឡាយ ដែលរំលោភលើអធិបតេយ្យភាពរបស់ចិន ហើយបង្កការគំរាមកំហែងជាខ្លាំង ចំពោះសន្តិសុខជាតិរបស់ខ្លួន។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានអំពាវនាវឲ្យទីក្រុងវ៉ាស៊ីនតោន មានការគោរពចំពោះកិច្ចប្រឹងប្រែង នៃបណ្តាប្រទេសនៅក្នុងតំបន់ ដែលបានកំណត់គោលដៅ ថែរក្សាសុខសន្តិភាព និងស្ថិរភាព នៅសមុទ្រចិនខាងត្បូង៕