Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មហាយក្សចិន «ត្រៀមខ្លួនរួចរាល់ ដើម្បីការពារ​ផលប្រយោជន៍​ខ្លួន» ចំពោះមុខ​ការបង្ករឿងដោយអាមេរិក...

24-03-2018 12:31

(ប៉េកាំង)៖ ទិដ្ឋភាពពាណិជ្ជកម្ម​កាន់តែបង្ហាញ​យ៉ាងច្បាស់ ពីនយោបាយ​គាំពារ​និយម​របស់អាមេរិក តាមរយៈការបង្កើន​ថ្លៃពន្ធនាំចូលដែក-អាលុយមីញ៉ូម ពីបណ្តាប្រទេស​ដែលមិនមែន​ជាសម្ព័ន្ធមិត្តខ្លួន ហើយប្រទេសចិន គឺស្ថិតនៅចំប្លង់ នៃការ​បង្កើនថ្លៃ​ពន្ធដែក-អាលុយមីញ៉ូម​​នេះតែម្តង ប៉ុន្តែទោះបី​ជាបែបនេះក្តី ទីក្រុងប៉េកាំង​អះអាងថា «ចិនត្រៀមខ្លួនរួច​ជាស្រេច» ​ដើម្បីទប់ទល់នឹងរបត់ពាណិជ្ជកម្មអាមេរិក ហើយនឹងការពារ​ផលប្រយោជន៍ខ្លួនឯង​ឲ្យបាន។ នេះបើ​​តាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន​ Channel News Asia នារសៀល​ថ្ងៃសៅរ៍ ទី២៤ ខែមីនា ឆ្នាំ២០១៨។

ការលើកឡើងខាងលើនេះ ធ្វើឡើងដោយឧបនាយករដ្ឋមន្ត្រីចិន លោក លូ ហ៊ី (Liu He) ប្រាប់ទៅកាន់រដ្ឋមន្ត្រីរតនាគារជាតិអាមេរិក លោក ស្ទេវិន ម៉ានូឈីន (Steven Mnuchin) ឆ្លើយតបទៅនឹងផែនការនានារបស់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ក្នុងការបង្កើនថ្លៃពន្ធ ៦០ពាន់លានដុល្លារ សម្រាប់ទំនិញរបស់ប្រទេសចិន ចូលទៅកាន់សហរដ្ឋអាមេរិក ក្នុងនោះមានដែក និងអាលុយមីញ៉ូម ជាចម្បងតែម្តង។

ហេតុដែលមានការចោទថា សហរដ្ឋអាមេរិក កំពុងដើរនយោបាយបែបគាំពារនិយមនេះ គឺដោយសារតែ ប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ បានអនុម័ត​លើ​ការផ្អាក​ជាបណ្ដោះអាសន្ន​ នូវការតម្លើងពន្ធ​នាំ​ចូលលើ អាលុយមីញ៉ូម និងដែក ពីសហភាពអឺរ៉ុប និងបណ្ដាប្រទេស​ដទៃទៀតចំនួន ០៦ ដែលសុទ្ធសឹង​ជាសម្ព័ន្ធមិត្តធំៗ​របស់អាមេរិក ប៉ុន្តែប្រទេស​ដទៃទៀត​រួមទាំងចិន គឺគេច​មិនផុតនោះ​ឡើយ។

សេតវិមាននៅក្នុង​សេចក្ដីថ្លែងការណ៍​របស់ខ្លួនកាលពី​ ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានឱ្យដឹងថា ការតម្លើងពន្ធនាំ​លើអាលុយ​មីញ៉ូ និងដែកពី ប្រទេស​ជា​សមាជិក​​សហភាពអឺរ៉ុប អាហ្សង់ទីន អូស្រ្ដាលី កាណាដា ប្រេស៊ីល ម៉ិចស៊ីកូ និងកូរ៉េខាងត្បូង ត្រូវបានផ្អាក​ជាបណ្ដោះ អាសន្នរហូតដល់​ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨។ «ប្រទេសទាំងនេះ​មានទំនាក់ទំនង​សន្តិសុខ ដ៏សំខាន់ជាមួយ​សហរដ្ឋអាមេរិក»។ នេះបើតាម​ការលើកឡើង​របស់ លោក ដូណាល់ ត្រាំ។

គួរបញ្ជាក់ថា បើតាមសេតវិមាន ការផ្អាកនេះ​ត្រូវបានធ្វើឡើង​ដោយឈរលើមូលដ្ឋាន​កំពុងស្ថិតក្រោម​កិច្ចចរចា ហើយលោក ត្រាំ កំពុងសម្រេចចិត្ត​ថា តើត្រូវបន្តលើកលែង​ការតម្លើង​ពន្ធនេះ ឬក៏យ៉ាងណា នៅក្រោយ​ការផ្អាកនេះអស់​សុពលភាព៕