(អាមេរិក)៖ ក្រុមហ៊ុនផលិតយន្តហោះលេខ ១ ប្រចាំសហរដ្ឋអាមេរិក បានប្រកាសឲ្យដឹងថា ខ្លួនបានលក់យន្តហោះទំនើបប្រភេទថ្មី គឺ Boeing 777 freigther ចំនួនពីរគ្រឿងដល់អាកាសចរណ៍ធំបំផុតនៅជប៉ុន All Nippon Airways (ANA) ក្នុងតម្លៃរហូតដល់ទៅ ៦៧៨លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមីនា ឆ្នាំ២០១៨។
យន្តហោះ Boeing 777 គឺជាប្រភេទយន្តហោះប្រណិតមួយ ដែលមានម៉ាស៊ីនពីរ តែមានទំហំធំជាងយន្តហោះធម្មតា និងប្រវែងវែងផងដែរ ហើយប្រការនេះវានឹងនាំឲ្យអាកាសចរណ៍ ANA ក្លាយជាក្រុមហ៊ុនដឹកជញ្ជូនផ្លូវអាកាសមុនគេ នៅប្រទេសអាស៊ីខាងកើតមួយនេះ ដែលទទួលបានយន្តហោះដ៏ទំនើប ពីក្រុមហ៊ុនយក្សអាមេរិក Boeing។
ជុំវិញការទទួលបានកិច្ចព្រមព្រៀងទិញដូរយន្តហោះនេះ លោក ហ៊ីរ៉ូស៊ិ ស៊ូជីជូឈិ (Hiroshi Sugiguchi) អនុប្រធានរដ្ឋបាលផែនការ និងសហប្រតិបត្តិការរបស់ ANA បានថ្លែងដោយក្តីរីករាយថា «យន្តហោះដឹកទំនិញខាងលើនេះ គឺជាផ្នែកមួយនៃការជម្រុញវិស័យដឹកជញ្ជូន និងពាណិជ្ជកម្ម។ យន្តហោះនេះនឹងបម្រើការងារផ្នែកដឹកជញ្ជូនទំនិញរវាងជប៉ុន និងបណ្តាប្រទេសនានាអាស៊ី ព្រមទាំងអាមេរិកខាងជើងផងដែរ»។
គួរបញ្ជាក់ថា Boeing 777 គឺជាយន្តហោះដែលមានសមត្ថភាពហោះហើរ បានចម្ងាយជាង ៩,០០០គីឡូម៉ែត្រ ក្នុងមួយជើង ដោយផ្ទុកទម្ងន់ជាអតិបរមា ១០២តោន។ អត្ថប្រយោជន៍របស់វា គឺផ្ទុកទម្ងន់បានច្រើនជាងយន្តហោះធម្មតា, ចំណាយការធ្វើដំណើរតិច និងជាពិសេសគឺចំណេញពេលវេលាតែម្តង៕