(អូស្រ្តាលី)៖ ទីបំផុតត្រីបាឡែនតែ ០៦ក្បាល ប៉ុណ្ណោះដែលនៅមានជីវិត ក្នុងចំណោមពូជត្រីបាឡែនម៉្យាង ចំនួនច្រើនជាង ១៥០ក្បាល ដែលបានរសាត់មកទើនៅលើឆ្នេរសមុទ្រមួយកន្លែង ក្នុងរដ្ឋអូស្រ្តាលីខាងលិចនោះ ដែលបានងាប់អស់ទៅហើយ ទោះបីជាមានការស្ទុះស្ទារប្រឹងប្រែង ពីអាជ្ញាធរក្នុងតំបន់ ព្រមទាំងមហាជនដែលទៅធ្វើដំណើរកម្សាន្ត នៅឯឆ្នេរសមុទ្រ ដែលបានខិតខំជួយសង្រ្គោះជីវិតរបស់ពួកវាយ៉ាងណាក្តី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមីនា ឆ្នាំ២០១៨។
សត្វត្រីបាឡែនជាច្រើនក្បាលនេះ បានជាប់គាំងនៅលើឆ្នេរសមុទ្រ Hamelin កាលពីចន្លោះថ្ងៃទី២២ និងទី២៣ ខែមីនានេះ ហើយអាជ្ញាធរជំនាញ និងមហាជនទាំងឡាយ ដែលបានធ្វើដំណើរទៅកាន់ឆ្នេរសមុទ្រ បានព្យាយាមជួយសង្រ្គោះពួកវា ១៥ក្បាល ក្នុងចំណោមនោះនៅតាមទឹករាក់ៗ ប៉ុន្តែមានតែ ០៧ក្បាលប៉ុណ្ណោះ ដែលអាចត្រូវគេរំកិលយកទៅដាក់ក្នុងទឹកសមុទ្រវិញ បានដោយជោគជ័យ។
យ៉ាងណាមិញ ក្នុងចំណោម ០៧ក្បាល ដែលត្រូវបានគេជួយសង្រ្គោះនោះ មានមួយក្បាល បានមកទើនៅលើឆ្នេរដោយខ្លួនវា ជាថ្មីម្តងទៀត ហើយអាជ្ញាធរក៏បង្ខំចិត្តបញ្ចប់ជីវិតរបស់វាតែម្តង។ មកទល់ពេលនេះត្រីបាឡែន ០៦ក្បាលទៀត ទំនងជាបានរួចរស់ជីវិត ប៉ុន្តែមន្រ្តីជំនាញបានលើកឡើងថា ពួកវាប្រហែលជាអាចព្យាយាមភៀសខ្លួនមកលើឆ្នេរសមុទ្រ នៅតាមទីតាំងឯទៀតៗបាន។
ខណៈត្រីបាឡែន ជាទូទៅតែងនៅទើលើឆ្នេរសមុទ្រ ក្នុងពេលធ្វើការភៀសខ្លួនរវាងតំបន់រកចំណីនៅមហាសមុទ្រអង់តាកទិច នៅប៉ូលខាងត្បូង និងផ្ទៃទឹកក្តៅៗនៅភាគខាងត្បូង ជាទីដែលពួកវាចិញ្ចឹមបីបាច់កូនត្រីបាឡែន ចំនួនត្រីបាឡែនជាប់គាំងដ៏ច្រើននាពេលនេះ គឺវាខុសពីធម្មតា។ កាលពីឆ្នាំ១៩៩៦ ហេតុការណ៍ដូចគ្នា ក៏ធ្លាប់បានកើតមានឡើងផងដែរ ដោយត្រីបាឡែនពូជស្រដៀងគ្នា ចំនួន ៣២០ក្បាល បានទៅលើឆ្នេរភាគខាងជើងឆ្នេរ Hamelin ហើយបានងាប់ទាំងអស់។
ត្រីបាឡែនខាងលើ គឺជាពូជត្រីបាឡែនម៉្យាងហៅថា Pilot Whale ដែលមានជាប់ខ្សែក្រឡាយនឹងពូជត្រីដូហ្វីន ដោយពួកវាមួយក្បាលៗមានទម្ងន់ចន្លោះពីមួយតោនទៅបួនតោន ជាហេតុបង្កផលលំបាកដល់អាជ្ញាធរក្នុងតំបន់ ក្នុងការដឹកជញ្ជូនសាកសពពួកវាទៅបោះចោល ឬសូម្បីតែពេលត្រូវសង្គ្រោះវាចូលទៅក្នុងសមុទ្រវិញនោះ។
ទន្ទឹមនឹងនេះ ប្រជាជនរស់នៅក្នុងតំបន់ ព្រមទាំងភ្ញៀវទេសចរត្រូវបានណែនាំឲ្យនៅឲ្យឆ្ងាយពីទឹកសមុទ្រ ដោយសារតែចំនួនត្រីឆ្លាមអាចកើនឡើង ព្រោះតែការទាក់ទាញរបស់សាកសពត្រីបាឡែន ហើយឆ្នេរ Hamelin ត្រូវបានបិទជាបណ្តោះអាសន្ន ខណៈអាជ្ញាធរកំពុងរៀបចំចាត់ចែងសាកសពរបស់ត្រីបាឡែនជា ១០០ក្បាលនោះ៕