(សេអ៊ូល)៖ កូរ៉េខាងជើងបានព្រមទទួលយល់ព្រម ចំពោះសំណើរបស់កូរ៉េខាងត្បូង ដែលបានស្នើឲ្យបើកកិច្ចប្រជុំជាន់ខ្ពស់មួយ នៅថ្ងៃទី២៩ ខែមីនានេះ ដើម្បីពិភាក្សាគ្នាអំពីកាលបរិច្ឆេទ និងរបៀបវារៈសំខាន់ៗ សម្រាប់កិច្ចប្រជុំកំពូលអន្តរកូរ៉េ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាអំឡុងចុងខែមេសាខាងមុខ។ នេះបើតាមការបញ្ជាក់ពីក្រសួងបង្រួបបង្រួមជាតិ នៃប្រទេសកូរ៉េខាងត្បូង ដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមីនា ឆ្នាំ២០១៨។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ទីក្រុងសេអ៊ូលបានជូនដំណឹងដល់ទីក្រុងព្យុងយ៉ាង តាមរយៈបណ្តាញទំនាក់ទំនងឆ្លងព្រំដែន អំពីសំណើរបស់ខ្លួន ក្នុងការបើកកិច្ចជួបពិភាក្សា នាថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ នៅអគារខាងកូរ៉េខាងជើង ក្នុងភូមិ ផាន់ម៉ុនចុម (Panmunjom) ដែលខណ្ឌចែកឧបទ្វីបកូរ៉េ ដោយក្នុងសំណើនោះទីក្រុងសេអ៊ូលបានលើកឡើងថា គណៈប្រតិភូមួយក្រុមមានសមាជិកបីរូប នឹងត្រូវដឹកនាំដោយរដ្ឋមន្រ្តីបង្រួបបង្រួមជាតិ លោក ចូ ម្យាំងក្យុន (Cho Myoung-gyon)។
គួរជម្រាបថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានគ្រោងនឹងបើកកិច្ចប្រជុំកំពូលមួយនៅចុងខែមេសាខាងមុខ ដែលវានឹងក្លាយជាជំនួបកំពូលលើកទីបី រវាងប្រទេសទាំងពីរ បន្ទាប់ពីកិច្ចប្រជុំកំពូលឆ្នាំ២០០០ និងឆ្នាំ២០០៧៕